ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥--
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន ដែលជាសមាភាពនៃគណៈកម្មការនេះ។

យោងតាមរបាយការណ៍របស់ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស បានបង្ហាញថា គិតត្រឹមឆ្នាំ២០២៤ ក្រសួងបានសាងសង់ផ្សារសហគមន៍ជនបទចំនួន៦កន្លែង និងបានបណ្តុះបណ្តាលជំនាញមូលដ្ឋាន ឬបំណិនជីវិត ដល់ប្រជាពលរដ្ឋជនបទចំនួន៥៦ ៤៤២ នាក់ ដើម្បីឱ្យប្រជាពលរដ្ឋបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលបន្ថែមក្រៅពីការធ្វើស្រែចម្ការ។ បន្ទាប់ពីបានស្ដាប់វឌ្ឍនភាពការងារដែលសម្រេចបាននាពេលកន្លងមក ឯកឧត្ដមរដ្ឋមន្រ្ដីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញទាំងអស់ ដែលបានខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ តាមភារកិច្ចដែលក្រសួងប្រគល់ជូន។
បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទបាន និងកំពុងអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ២០២៤-២០២៨ ដែលមានចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” សំដៅធានាបាននូវកំណើនប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាព និងមានសុខុមមាលភាពកាន់តែប្រសើរឡើង ដោយយកចិត្តទុកដាក់លើការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋបង្កើនប្រាក់ចំណូល ដើម្បីកាត់បន្ថយភាពក្រីក្រ ដែលជាការចូលរួមចំណែកក្នុងការអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានផ្ដល់អនុសាសន៍សំខាន់ៗចំនួន៧ចំណុច គឺ៖ ទី១. ត្រូវខិតខំអនុវត្តនូវទិសដៅការងារដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងឆ្នាំ២០២៥។ ទី២. ត្រូវចងក្រងឯកសារកម្មវិធីបណ្ដុះបណ្ដាលឱ្យបានច្បាស់លាស់ ជាពិសេសមេរៀនបទពិសោធន៍ជោគជ័យ ដើម្បីផ្សព្វផ្សាយ និងចែករំលែកដល់ប្រជាពលរដ្ឋផ្សេងទៀតសម្រាប់ការអនុវត្ត។ ទី៣. ត្រូវជំរុញការចងក្រងសហគមន៍បន្ថែមទៀត។ ទី៤. ត្រូវពង្រឹងការងារឥណទានជនបទឱ្យមានប្រសិទ្ធភាព ជាពិសេសនៅតាមភូមិគំរូ។ ទី៥. ត្រូវបន្ដរៀបចំការតាំងពិព័រណ៍ផលិតផលជនបទ និងចូលរួមតាំងបង្ហាញសមិទ្ធផលជនបទក្នុងពិធីពិព័រណ៍ផ្សេងៗ។ ទី៦. ត្រូវបន្តបណ្ដុះបណ្ដាលជំនាញមូលដ្ឋានបន្ថែម ជាពិសេសផ្ដោតលើជំនាញដែលអនុវត្តទទួលបានជោគជ័យនាពេលកន្លងមក និងទី៧. ត្រូវបន្ដបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ NGOs វិស័យឯកជន សប្បុរសជន និងភាគីពាក់ព័ន្ធនានា ដើម្បីកៀរគរធនធាន ជួយជំរុញការងារពិពិធកម្មសេដ្ឋកិច្ចជននេះឱ្យកាន់តែប្រសើរឡើង៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





