យោធាកូរ៉េខាងត្បូងបដិសេធការចោទប្រកាន់ថាខ្លួនបានផ្ញើខិត្តប័ណ្ណឆ្លងកាត់ព្រំដែនដើម្បីញុះញង់ឱ្យមានការបង្កហេតុជាមួយកូរ៉េខាងជើង
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ -- យោធាកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍បានច្រានចោលការចោទប្រកាន់ថា ខ្លួនបានបញ្ជូនខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាងទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីជំរុញឱ្យមានការបង្កហេតុខាងយោធានៅពេលដែលអតីតរដ្ឋមន្ត្រីការពារជាតិលោក គីម យ៉ុងយ៉ុន (Kim Yong-hyun) កាន់តំណែង។
អគ្គសេនាធិការចម្រុះ (JCS) បានធ្វើសេចក្តីថ្លែងការណ៍ជាការឆ្លើយតបទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលចោទប្រកាន់យោធាថាបានផ្ញើខិត្តប័ណ្ណបែបនេះនៅចន្លោះខែកញ្ញា និងខែធ្នូ នៅពេលដែលលោក គីម ដែលត្រូវបានសង្ស័យថាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការដាក់ច្បាប់អាជ្ញាសឹកកាលពីខែមុន គឺថ្នាក់ដឹកនាំក្រសួងការពារជាតិ។
អ្នកនាំពាក្យរបស់ JCS លោក លី ស៊ុងជុន (Lee Sung-jun បាននិយាយនៅក្នុងសន្និសីទកាសែតថា «វាមិនមែនជាការពិតទេដែលថាយោធាបានធ្វើសកម្មភាពដើម្បីបង្កការញុះញង់របស់សត្រូវ»។ លោក លី បាននិយាយថា «ប្រសិនបើយោធាបានអនុវត្តន៍សកម្មភាពដើម្បីបង្កការញុះញង់ យើងនឹងបាញ់សំដៅទៅប្រទេសកូរ៉េខាងជើងនៅពេលនោះ»។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ JCS បានរក្សាជំហររបស់ខ្លួនក្នុងការមិនបញ្ជាក់ពីការសង្ស័យដែលលើកឡើងដោយគណបក្សប្រឆាំងជាអតីតរដ្ឋមន្ត្រី លោក គីម បានបញ្ជាឱ្យមានការជ្រៀតចូលដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងរដ្ឋធានីរបស់ប្រទេសកូរ៉េខាងជើង ជាផ្នែកមួយនៃការរៀបចំសម្រាប់ការដាក់ច្បាប់អាជ្ញាសឹកនៅថ្ងៃទី៣ ខែធ្នូ។
កាលពីដើមសប្តាហ៍នេះ លោក ប៊ូ ស៊ុងចាន់ (Boo Seung-chan) តំណាងរាស្រ្តមកពីគណបក្សប្រជាធិបតេយ្យ ជាគណបក្សប្រឆាំងដ៏សំខាន់បាននិយាយថា លោកបានទទួលព័ត៌មានជំនួយដែលយោធាបានធ្វើ និងផ្ញើខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាង នៅក្នុងការប៉ុនប៉ងដែលត្រូវបានចោទប្រកាន់ដើម្បីបង្កើនភាពតានតឹងរវាងអន្តរកូរ៉េ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





