ការចូលជាសមាជិកពេញលេញនៃតំបន់ Schengen របស់ប៊ុលហ្គារី គឺជាសមិទ្ធិផលដ៏សំខាន់
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ -- ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប៊ុលហ្គារី លោក ឌីមីតា ហ្ក្លាវឆេវ (Dimitar Glavchev) បានពណ៌នាអំពីការចូលទៅកាន់តំបន់ Schengen ពេញលេញរបស់ប្រទេសប៊ុលហ្គារី ថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជាសមិទ្ធិផលដ៏អស្ចារ្យ ព្រមទាំងជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់មនុស្សជាច្រើន។ លោក ហ្គ្លាវឆេវ បានទៅទស្សនកិច្ចនៅប៉ុស្តិ៍ត្រួតពិនិត្យគុលឡាតា ដែលនៅតាមបណ្តោយព្រំដែនជាមួយប្រទេសក្រិក រួមជាមួយនឹងបណ្តារដ្ឋមន្ត្រី និងអ្នកតំណាងមកពីស្ថាប័នរដ្ឋផ្សេងទៀត ដើម្បីកត់សម្គាល់អំពីការធ្វើសមាហរណកម្មពេញលេញរបស់ប្រទេសប៊ុលហ្គារីទៅក្នុងតំបន់ Schengen នៅពេលដែលការគ្រប់គ្រងព្រំដែនដីគោកត្រូវបានដកចេញចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។
លោក ហ្គ្លាវឆេវ បានសរសើរចំពោះសមិទ្ធិផលនេះថា «ជូនចំពោះឆ្មាំតាមព្រំដែន កងទាហាន កងកម្លាំង Frontex និងសម្ព័ន្ធមិត្តរបស់យើងទាំងអស់នៅក្នុងសហភាពអឺរ៉ុប។ ខ្ញុំជឿជាក់ថា ដោយសារការរួមគ្នារបស់យើង វានឹងជួយការពារព្រំដែនខាងក្រៅរបស់ EU ឱ្យបានល្អប្រសើរ»។
លោកនាយករដ្ឋមន្ត្រីចាំផ្ទះរូបនេះបានកត់សម្គាល់ថា ពីក្រិកទៅហ្វាំងឡង់នៅភាគខាងជើង និងព័រទុយហ្គាល់នៅភាគខាងលិច ឥឡូវនេះមនុស្សអាចឆ្លងកាត់ដោយគ្មានការត្រួតពិនិត្យតាមព្រំដែន។ លោកបាននិយាយបន្ថែមថា «ចាប់ពីថ្ងៃដំបូង ភាពខុសគ្នានឹងកាន់តែច្បាស់ ហើយជនជាតិប៊ុលហ្គារីនឹងទទួលបាននូវភាពសុខស្រួលក្នុងនាមជាសមាជិកភាពនៃតំបន់ Schengen ពេញលេញរបស់យើង»។
លោក អេវទីម មីឡូស្សេវ (Evtim Miloshev) រដ្ឋមន្ត្រីចាំផ្ទះនៃក្រសួងទេសចរណ៍ ដែលបានទៅទស្សនកិច្ចនៅប៉ុស្តិ៍ត្រួតពិនិត្យគុលឡាតានោះដែរ បាននិយាយថា ប្រទេសប៊ុលហ្គារី គឺជាគោលដៅទាក់ទាញ និងមានសុវត្ថិភាព។ លោកបានបង្ហាញសុទិដ្ឋិនិយមអំពីអនាគតនៃវិស័យទេសចរណ៍ ដែលឥឡូវនេះប្រទេសនេះជាសមាជិកតំបន់ Schengen ពេញលេញហើយ។ លោក មីឡូស្សេវ បានកត់សម្គាល់ថា ផលិតផលទេសចរណ៍របស់ប្រទេសប៊ុលហ្គារីមានការប្រកួតប្រជែងខ្ពស់ ជាពិសេសទាក់ទងនឹងសមាមាត្រតម្លៃ និងគុណភាព៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





