ថៃពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយជប៉ុន
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ -- គណៈប្រតិភូក្រសួងពាណិជ្ជកម្មថៃដឹកនាំដោយលោករដ្ឋមន្ត្រី ពីឆៃ ណារីបថាផាន (Pichai Naripthaphan) បានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ដោយចូលរួមប្រជុំជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មល្បីៗ និងមេដឹកនាំនយោបាយ។ កិច្ចប្រជុំពិភាក្សានោះបានផ្តោតសំខាន់ទៅលើឱកាសនៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ រួមទាំងគម្រោងវិនិយោគដែលមានតម្លៃ ១០ទ្រីលានយ៉េនរបស់ប្រទេសជប៉ុននៅវិស័យបញ្ញាសិប្បនិម្មិត (AI) នៅក្នុងរយៈពេលមួយទសវត្សរ៍ក្រោយផងដែរ។ ប្រទេសថៃកំពុងធ្វើការដើម្បីធានានូវតួនាទីរបស់ខ្លួនក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នេះ ដោយមេដឹកនាំជប៉ុនបានបង្ហាញការគាំទ្រចំពោះការចូលរួមរបស់ប្រទេសថៃ។
គណៈប្រតិភូបានជួបជាមួយតំណាងមកពីក្រុមហ៊ុនសាជីវកម្មជប៉ុនធំៗចំនួន១០ ដែលរួមមានទាំងក្រុមហ៊ុន GS Yuasa ក្រុមហ៊ុន Mitsubishi Electric និងក្រុមហ៊ុន Softbank រួមជាមួយអង្គការនានា ដូចជាអង្គការ JETRO និងអង្គការ JICA ជាដើម។ កិច្ចពិភាក្សាផ្តោតទៅលើការទាក់ទាញការវិនិយោគនៅក្នុងវិស័យបន្ទះសៀគ្វី (PCB) និងឧស្សាហកម្ម AI របស់ប្រទេសថៃ។ គុណសម្បត្តិប្រកួតប្រជែងរបស់ប្រទេសថៃក្នុងការកំណត់តម្លៃ និងគុណភាពសម្រាប់ការផលិត PCB កំពុងតែត្រូវបានដាក់ចេញជាតារាងជាមួយនឹងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងការលើកទឹកចិត្តដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យដើម្បីពង្រឹងគោលជំហរជាសកលរបស់ខ្លួន។
ការនាំចេញកសិផល គឺជាការផ្តោតសំខាន់មួយទៀត។ ដំណើរទស្សនកិច្ចទៅកាន់កំពង់ផែដាយកូគូ ក្នុងទីក្រុងយ៉កូហាម៉ា បានពិនិត្យមើលអំពីដំណើរការនៃការនាំចូលផ្លែចេក ដោយកំណត់ឱកាសដើម្បីបំពេញតម្រូវការជប៉ុនដែលកំពុងមានការកើនឡើង។ ផែនការកំពុងដំណើរការដើម្បីលើកកម្ពស់ការដាំដុះចេក ដោយកិច្ចព្រមព្រៀងរវាងកសិករថៃ និងអ្នកនាំចេញជប៉ុនត្រូវបានរំពឹងថានឹងជួយពង្រឹងស្ថិរភាព និងពង្រីកលទ្ធភាពក្នុងការទទួលបានទីផ្សារ។
ជាមួយនឹងប្រទេសជប៉ុនជាអ្នកវិនិយោគឈានមុខគេរបស់ប្រទេសថៃ កិច្ចខិតខំប្រឹងប្រែងជាថ្មីទាំងនេះត្រូវបានគេរំពឹងថានឹងធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មមានភាពរស់រវើក ជំរុញកំណើនសេដ្ឋកិច្ច និងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ NNT)





