គម្រោងស្ពានអាកាសជាច្រករបៀងពាណិជ្ជកម្មយុទ្ធសាស្ត្ររបស់ប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ -- ប្រទេសថៃកំពុងចាប់ផ្តើមគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានការផ្លាស់ប្តូរ ក្នុងគោលបំណងកែទម្រង់ផ្លូវពាណិជ្ជកម្មពិភពលោកឡើងវិញ និងពង្រឹងជំហរសេដ្ឋកិច្ចរបស់ប្រទេស។
កាលពីដើមឆ្នាំ១០១៤ អតីតនាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) បានធ្វើឱ្យគម្រោង «ស្ពានអាកាស» មានភាពរស់រវើកឡើងវិញ ដោយស្រមៃមើលទៅលើការតភ្ជាប់ដោយផ្ទាល់រវាងសមុទ្រអាន់ដាម៉ាន់ និងឈូងសមុទ្រថៃ។ គំនិតផ្តួចផ្តើមនេះបានស្នើឱ្យមានការសាងសង់កំពង់ផែទឹកជ្រៅក្នុងខេត្តរ៉ាណង និងខេត្តជុមផន ដែលតភ្ជាប់ដោយប្រព័ន្ធផ្លូវថ្នល់ និងផ្លូវដែកប្រវែង ១០០គីឡូម៉ែត្រ ជាមួយនឹងថវិកាប៉ាន់ស្មានចំនួន ១ទ្រីលានបាត។
គម្រោងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអន្តរជាតិ។ វិនិយោគិនចិនបានបង្ហាញចំណាប់អារម្មណ៍ ដោយមានកិច្ចពិភាក្សាគ្នាមួយចំនួនក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ទៅកាន់ទីក្រុងប៉េកាំងកាលពីក្នុងខែតុលា ឆ្នាំ២០២៣។ លើសពីនេះទៅទៀត ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានបង្ហាញពីកិច្ចសហការដ៏មានសក្តានុពល ដែលបង្ហាញពីការឆ្លើយតបដ៏អំណោយផលចំពោះគំនិតផ្តួចផ្តើមនេះ។
បន្ទាប់ពីការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថៃកាលពីក្នុងខែសីហា ឆ្នាំ២០២៤ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថៃចំពោះគម្រោង «ស្ពានអាកាស» នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍អំពីគោលនយោបាយរបស់លោកស្រីទៅកាន់សភាកាលពីក្នុងខែកញ្ញា ឆ្នាំ២០២៤ លោកស្រីបានសង្កត់ធ្ងន់ទៅលើសក្តានុពលរបស់គម្រោងនេះក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់គោលជំហរយុទ្ធសាស្ត្ររបស់ប្រទេសថៃនៅក្នុងពាណិជ្ជកម្មពិភពលោក។
គម្រោងស្ពានអាកាសជាសក្ខីភាពមួយចំពោះមហិច្ឆតារបស់ប្រទេសថៃក្នុងការកំណត់តួនាទីរបស់ខ្លួនឡើងវិញក្នុងវិស័យពាណិជ្ជកម្មពិភពលោក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ NNT)





