ពិធីក្រុងពលីបញ្ចុះបឋមសីលាសាងសង់ព្រះពុទ្ធបរិមាករប្រក់នាគនៅវត្តពោធិ៍វង្សហត្ថី
AKP កំពង់ធំ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយសហការីកាលពីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពលីបញ្ចុះបឋមសីលាសាងសង់ព្រះពុទ្ធបដិមាករប្រក់នាគ កម្ពស់ ៤ម៉ែត្រកន្លះនៅក្នុងបរិវេណវត្តពោធិ៍វង្សហត្ថី ហៅវត្ត "ពោធិ៍" ស្ថិតនៅក្នុងឃុំទ្រាលស្រុកតាំងគោក ខេត្តកំពង់ធំ ក្រោមជំនួយឧបត្ថម្ភពីលោកវរសេនីយ៍ទោ ស តួរ នាយទាហានចំណុះអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ និងភរិយា ហែម ចាន់ថេន។

ព្រះតេជគុណ ចែម មុន្នីចន្តា ព្រះគ្រូចៅអធិការវត្តពោធិ៍វង្សហត្ថី បានថ្លែងអំណរគុណចំពោះលោកវីរៈសេនីយ៍ទោ ស តួរ និងភរិយា ដែលបានចំណាយថវិកាក្នុងការសាងសង់ព្រះពុទ្ធបដិមាករប្រក់នាគដែលមានកម្ពស់៤ម៉ែត្រកន្លះនៅក្រោមម្លប់ពោធិ៍នៅក្នុងទីអារាមនេះដើម្បីទុកជាកេរ្តិ៍ដំណែលសម្រាប់ពុទ្ធបរិស័ទគោរពបូជា និងបានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានឆ្លៀតឱកាសដ៏មានតម្លៃអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីនិងបញ្ចុះបឋមសីលាសាងសង់ព្រះពុទ្ធបដិមាករនៅថ្ងៃនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យអាណាចក្រ និងពុទ្ធចក្រមានការរីកចម្រើនរុងរឿងគួរជាទីមោទនៈ។ បច្ចុប្បន្ននៅទូទាំងព្រះរាជាណាចក្រកម្ពុជាមានវត្តអារាមជាង៥០០០វត្ត និងមានព្រះសង្ឃគង់នៅជាង៧ម៉ឺនអង្គ ដែលជាទីគោរពបូជារបស់ពុទ្ធសាសនិកជនដែលគោរពប្រតិបត្តិក្នុងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តរួមគ្នាថែរក្សាឱ្យបានសុខសន្តិភាពដែលយើងកំពុងមានដូចសព្វថ្ងៃនេះឱ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តអភិវឌ្ឍទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រឱ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀតក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ម៉ឺងម៉ាត់ និងឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕


ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





