ឯកឧត្តម គង់ សោភ័ណ្ឌ ចុះពិនិត្យការសាងសង់ផ្លូវថ្មី នៅស្រុកកណ្ដាលស្ទឹង
AKP កណ្តាល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២--នៅរសៀលថ្ងៃ៧រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវថ្មីប្រវែង ១ ០៨០ម៉ែត្រ ឆ្លងកាត់០៣ភូមិ រួមមាន៖ ភូមិដើមឫស្ស ភូមិសាម៉រ និង ភូមិសាទែន ឃុំដើមឫស្ស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ការសាងសង់ផ្លូវនេះ ត្រូវបានទទួលការសាងសង់ដោយក្រុមហ៊ុនភ្នំពេញ អេស អ៊ីហ្សិត២.ឯ.ក ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ជាបណ្ដាញសរសៃឈាម និង ជាចលករមួយដ៏សំខាន់ សម្រាប់បម្រើឱ្យដំណើរការប្រកបអាជីវកម្ម និងមុខរបរចិញ្ចឹមជីវិត របស់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ។ មានផ្លូវ មានក្ដីសង្ឃឹម មានការរីកចម្រើន និងកិច្ចអភិវឌ្ឍន៍រួមទាំងកាត់បន្ថយនូវការលំបាក របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា ក្រោយពីការកសាងផ្លូវនេះរួចរាល់ វាបាននិងសម្រួលការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋនៅក្នុងភូមិឃុំនេះ ឱ្យប្រសើរឡើងថែមទៀត៕
ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)





