អភិបាលស្រុកប្រាសាទសំបូរអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីនិងបញ្ចុះបឋមសិលាកសាងវិហារនៅវត្តជុំមុនីរតនារាម
AKP កំពង់ធំ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦--លោក ឃីម សុខឃាង អភិបាល នៃគណៈអភិបាលស្រុកប្រាសាទសំបូរ កាលពីថ្ងៃទី៣០ខែមីនាឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី និងបញ្ចុះបឋមសិលាកសាងវិហារនៅវត្តជុំមុនីរតនារាម(វត្តច្រម៉ាស់)ស្ថិតក្នុងឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងពុទ្ធបរិស័ទយ៉ាងកុះករ។

ក្នុងឱកាសនោះ លោក ឃីម សុខឃាង បានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះព្រះគ្រូចៅអធិការវត្ត ដែលបានខិតខំកៀរគរសប្បុរសជននិងពុទ្ធបរិស័ទ ដើម្បីកសាងសមិទ្ធផលនានា តាំងពីវត្តមិនទាន់មានអ្វីសោះ រហូតលេចចេញជា សាលាឆាន់ កុដិ ក្លោងទ្វារ របង និងផ្លូវបេតុងនាពេលនេះ នេះជាសក្ខីភាពបង្ហាញពីការរីកចម្រើនយ៉ាងខ្លាំងនៃវិស័យពុទ្ធសាសនា ដើរទន្ទឹមគ្នានឹងវិស័យអាណាចក្រ។

លោកអភិបាលស្រុកបានលើកបង្ហាញពីសមិទ្ធផលនានាក្នុងស្រុក រួមមាន៖ ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព និងបណ្ណាល័យជាដើម ដែលជាសមិទ្ធផលក្រោមដំបូលនៃសុខសន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកបានរំលឹកដល់យុវជនដែលគ្រប់អាយុបោះឆ្នោត ត្រូវរួសរាន់ទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់ៗគ្នា ដើម្បីត្រៀមលក្ខណៈប្រើប្រាស់សិទ្ធិបោះឆ្នោតនាពេលខាងមុខ។ លោកបានកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរួមគ្នាថែរក្សាវប្បធម៌ "រាំវង់លក់ផ្កា" ដែលជាអត្តសញ្ញាណដ៏ល្អក្នុងមូលដ្ឋាន និងបានផ្ដាំផ្ញើឱ្យបន្តអភិរក្សកេរ្តិ៍ដំណែលនេះតទៅទៀត។ ទន្ទឹមនឹងនេះ លោកបានអប់រំឱ្យបងប្អូនរស់នៅដោយប្រើធម៌ខន្តី អត់ធ្មត់ និងយោគយល់គ្នា ដើម្បីចៀសវាងការប្រើអំពើហិង្សាក្នុងគ្រួសារ។

លោក ឃឹម សុខឃាង អភិបាលស្រុកប្រាសាទសំបូរបានផ្ដល់អនុសាសន៍មួយចំនួនដល់ក្មួយៗសិស្សានុសិស្សថា"មានតែការសិក្សារៀនសូត្រតែមួយគត់ ដែលអាចធ្វើឱ្យជីវភាពមានការផ្លាស់ប្ដូរនិងមានអនាគតភ្លឺស្វាង"។សូមលើកទឹកចិត្តឱ្យក្មួយៗខិតខំរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់អភិវឌ្ឍស្រុកប្រាសាទសំបូរ។ ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចការឡើងថ្លៃនៃតម្លៃប្រេងសាំងគឺជាវិបត្តិសាកល ដែលប៉ះពាល់ដល់គ្រប់ប្រទេសលើពិភពលោក។ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានខិតខំសម្របសម្រួល និងធានាឱ្យមានប្រេងប្រើប្រាស់គ្រប់គ្រាន់នៅក្នុងប្រទេស មិនឱ្យមានការខ្វះខាត ប៉ះពាល់ដល់ការបង្កបង្កើនផលរបស់បងប្អូនកសិករឡើយ។
លោក ឃីម សុខឃាង បានប្រគេនពរដល់ព្រះសង្ឃ និងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលតែងតែជឿជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នាអភិវឌ្ឍស្រុកប្រាសាទសំបូរឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត៕
ដោយ៖ ស៊ុម វណ្ណា





