ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានា នៅវត្តទក្ខិណាវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៦–នាព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦-ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងភរិយា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានា នៅវត្តទក្ខិណាវ័ន្ត(ហៅវត្តត្រពាំងឱប) ស្ថិតនៅឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បើតាមលោក លៀង គាអភិបាលស្រុកភ្នំស្រួច បានធ្វើសេចក្តីរាយការណ៍គោរពជូនឯកឧត្ដម និងអង្គពិធីថា វត្តទក្ខិណាវ័ន្ត(ហៅវត្តតុរពាំងឱប) បង្កើតឡើងនៅឆ្នាំ១៩០៥ ដោយព្រះតេជគុណ អៀន លាក ព្រះចៅអធិការ ដើមឡើយវត្តនេះមានឈ្មោះថាវត្តត្រពាំងឱប ពីព្រោះនៅទីនោះមានត្រពាំងទឹកមួយនៅក្នុងវត្តដែលលោកតាឱបបានប្រគល់ទៅព្រះសង្ឃទើបគេហៅវត្តតៗគ្នាថាវត្តត្រពាំងឱប។ នៅអំឡុងឆ្នាំ១៩៤៨ សម្ដេចព្រះសង្ឃរាជជោតញ្ញាណោ ជួន ណាត បានមកសំដែងព្រះធម៌នៅទីនេះដោយឃើញព្រៃខាងត្បូងវត្តច្រើនក៏ប្រសិទ្ធតែមានថ្មីថាវត្តទក្ខិណាវ័ន្ត(ហៅវត្តតុរពាំងឱប)រហូតមកដល់សព្វថ្ងៃនេះ។ ព្រះវិហារថ្មីវត្តទក្ខិណាវ័ន្ត(ហៅវត្តត្រពាំងឱប)ត្រូវបានរៀបចំពិធីក្រុងពលីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៣ ក្រោមការដឹកនាំដោយព្រះចៅអធិការ អាចារ្យ គណៈកម្មការ និងបានបញ្ចប់ការកសាងជាស្ថាពរ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ប្រើអស់រយៈពេលជាង ១០ឆ្នាំសមិទ្ធផលដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់នាពេលនេះ ព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តចំណាយថវិកាសរុបប្រមាណជា ៤៦៧,១៦០ ដុល្លារសហរដ្ឋអាមេរិក។ ដោយមានការជួយជ្រុងជ្រែងពីសំណាក់ឯកឧត្តម លោកជំទាវ និងពុទ្ធបរិស័ទចំណុះជើងវត្តទីជិតឆ្ងាយ។


នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកភ្នំស្រួច និងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគនូវធនធានជាច្រើន ដើម្បីចូលរួមលើកកម្ពស់ និងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ក៏ដូចជាវិស័យផ្សេងៗ ជាច្រើនទៀត នៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិត បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា រក្សាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថេរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ជំរុញដំណើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសម្រេចបានសមិទ្ធផលថ្មីៗ ប្រកបដោយមោទកភាព ទោះបីជាត្រូវជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសព្រំដែនកម្ពុជា សៀម រាជរដ្ឋាភិបាលបានរក្សានូវកិត្យានុភាព កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ជាតិលើឆាកអន្តរជាតិ កាន់តែបានលើកកម្ពស់ និងទទួលស្គាល់ពីបណ្ដាប្រទេសនៅលើសកលលោក។


ទន្ទឹមនេះដែរឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានរម្លឹកផងដែរថា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សេរីភាពសម្រាប់ជំនឿសាសនាត្រូវលុបបំបាត់ចោលទាំងស្រុង រយៈពេលជាង៤០ឆ្នាំកន្លងមកនេះ វត្តអារាម និងវិហារសាសនាផ្សេងៗ ព្រមទាំងសមិទ្ធផលនានា បំរើឱ្យសាសនិកនៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលស្តារឡើងវិញពីចំណុចសូន្យ ហើយបច្ចុប្បន្ននេះមានភាពរីកចម្រើនគួរជាទីមោទកៈ។
ឯកឧត្តម បានណែនាំអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ស្របតាមពាក្យស្លោករបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីថា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមាន គ្រោះថ្នាក់ចរាចរណ៍”ផងដែរ៕

ដោយ៖ លឹម សាន្ត





