គណៈបញ្ជាការឯកភាពខេត្តប៉ៃលិនបន្តចុះបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scams)
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦-- អនុវត្តតាមការចង្អុលបង្ហាញពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខេត្តសហការជាមួយព្រះរាជ្ញារងអមសាលាដំបូងខេត្ត បន្តចុះប្រតិបត្តិការឆែកឆេរ បង្ក្រាបបទល្មើស និងបិទទីតាំងដែលសង្ស័យមានបទល្មើសបច្ចេកវិទ្យា (Online Scams) មួយចំនួននៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត។ ការបន្តយុទ្ធនាការចុះបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scams) របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន គឺក្នុងគោលបំណងរឹតបន្តឹងការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស និងការទប់ស្កាត់ បង្ក្រាបសកម្មភាពជួញដូរមនុស្ស និង Online Scams ឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាការឆ្លើយតបចំពោះវិធានការចាំបាច់របស់រាជរដ្ឋាភិបាល គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ បានប្តេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំក្នុងការទប់ស្កាត់ និងមិនអនុញ្ញាតឱ្យមានបទល្មើស Online Scams ល្បែងហ្គេមអនឡាញ ឬល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រងឡើយ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ស្របតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ច្បាស់លាស់របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កម្ពុជាបាន និងកំពុងអនុវត្តច្បាប់លើករណីឆបោកតាមប្រព័ន្ធអនឡាញដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធបញ្ជូនទៅតុលា ការដើម្បីផ្ដន្ទាទោស និងអនុវត្តនីតិវិធីបណ្ដេញចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជាពិសេសបានសហការផ្ដល់ព័ត៌មានអំពីខ្សែបណ្ដាញមេខ្លោងទៅកាន់ប្រទេសក្នុងតំបន់ និងក្រៅតំបន់ជាច្រើនករណី៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន)





