រដ្ឋបាលខេត្តកំពង់ធំប្រារព្ធពិធីបុណ្យមាឃបូជានៅវត្តឥន្ទ្រីយសំវរៈ
AKP កំពង់ធំ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦-- ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត លោក ព្រឹម រដ្ឋា អភិបាលរងខេត្ត និងព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ បាននិមន្ត និងអញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជានៅវត្តឥន្ទ្រីយសំវរៈ (វត្តកំពង់ធំ) ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០២ ខែកម្ភៈ ឆ្នាំ២០២៦ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសង្ឃឯកឧត្តម លោកជំទាវ លោកលោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើនអង្គ/ នាក់។

ពិធីបុណ្យមាឃបូជាគឺជាបុណ្យដ៏សំខាន់មួយរបស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនៅរៀងឡើងរាល់ឆ្នាំនៅថ្ងៃ១៥កើត ខែមាឃ ក្នុងគោលបំណងរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនៅប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់ និងជាការរំលឹកដល់កាលដាក់អាយុសង្ខារនៃការចូលព្រះបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង។

ដោយប្រទេសជាតិមានសុខសន្ដិភាព មានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ដែលនាំឱ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពធូរធារ។ នៅពេលដែលវិស័យអាណាចក្រមានការរីកចម្រើន វិស័យពុទ្ធចក្រក៏មានការរីកចម្រើនតាមរយៈការចូលរួមធ្វើបុណ្យទានរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ក្រុងស្រុកក្នុងមូលដ្ឋាន ដែលជាការចូលរួមធ្វើបុណ្យដាក់ទានជួយកសាងវត្តអារាម សាលារៀន ជាពិសេសកសាងអំពើល្អឱ្យបានគ្រប់គ្នាៗ ដើម្បីឱ្យសង្គមជាតិមួយក្លាយជាសង្គមដែលគ្មានអំពើហឹង្សា ជាសង្គមដែលមានតែវប្បធម៌សន្ដោសប្រណីដល់គ្នាទៅវិញទៅមក៕


ដោយ ស៊ុម វណ្ណា





