ពុទ្ធបរិស័ទយ៉ាងច្រើនកុះករបានចូលរួមដង្ហែបុណ្យមាឃបូជា ដែលរៀបចំដោយវត្តដំណាក់សហការជាមួយរដ្ឋបាលខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦-- វត្តដំណាក់ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប សហការជាមួយរដ្ឋបាលសៀមរាប នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំបុណ្យមាឃបូជា ដោយមានការដង្ហែ នៅតាមដងផ្លូវសំខាន់ៗក្នុងសៀមរាប និងមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

បុណ្យមាឃបូជាគឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ដោយត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។ ការប្រារព្ធពិធីបុណ្យមាឃបូជានេះឡើងគឺដើម្បីប្រារព្ធនូវព្រឹត្តិការណ៏ធំៗ៣គឺ៖ ១- ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន ២- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខ និង៣- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ។


សម្រាប់ឆ្នាំនេះ ពិធីបុណ្យមាឃបូជាប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះតែម្ដង នៅតាមទីវត្តអារាមមានរៀបចំគ្រឿងរណ្ដាប់ មានផ្កាភ្ញី ទៀន ធូប និងឮតែសំឡេងសូរស័ព្ទព្រះធម៌ ក្នុងការប្រារព្ធពិធីបុណ្យសាសនាមួយនេះ។ សូមពុទ្ធសាសនិកទាំងឡាយ អញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជានេះ ដោយសទ្ធាជ្រះថ្លារៀងៗខ្លួន៕


ដោយ ឃុត សៅ





