រដ្ឋបាលខេត្តកំពង់ស្ពឺប្រារព្ធពិធីបុណ្យមាឃបូជាយ៉ាងអធិកអធម នៅវត្តមុនីរង្សីវត្តនារាម (វត្តម្រុំខាងជើង)
AKP កំពង់ស្ពឺ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦-- ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យមាឃបូជា ដែលបានប្រារព្ធឡើងយ៉ាងអធិកអធមនៅវត្តមុនីរង្សីវត្តនារាម (វត្តម្រុំខាងជើង) នាព្រឹកថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ ត្រីស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលរងខេត្ត មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

ការប្រារព្ធពិធីបុណ្យមាឃបូជាគឺជាការបង្ហាញពីសទ្ធាជ្រះថ្លាចំពោះព្រះរតនត្រ័យ និងជាការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបុព្វការីជន និងវីរកងទ័ពដែលបានពលីដើម្បីជាតិមាតុភូមិ។ យើងរួមគ្នាថែរក្សាសន្តិភាព ដើម្បីបន្តលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា និងសីលធម៌សង្គមឱ្យកាន់តែរីកចម្រើន។ ការប្រារព្ធពិធីបុណ្យនេះ មិនត្រឹមតែជាការគោរពតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ក្នុងការថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យទាននាន។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ថ្នាក់ដឹកនាំខេត្ត និងពុទ្ធបរិស័ទថ្វាយគ្រឿងសក្ការបូជាដើម្បីរំលឹកដល់គុណបុណ្យព្រះសម្មាសម្ពុទ្ធ ដែលទ្រង់បានបង្កើត "ព្រះឱវាទបាតិមោក្ខ" និងការដាក់ព្រះជន្មាយុសង្ខារ។ ឯកឧត្តមគណៈអធិបតី និងសប្បុរសជន បានរួមគ្នារាប់បាត ដើម្បីប្រមូលបច្ច័យ និងចង្ហាន់ប្រគេនព្រះសង្ឃ ក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិការទាំងប្រាំពីរសន្តាន និងជាពិសេសគឺវីរកងទ័ពដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងសន្តិភាព។


ឯកឧត្តមអភិបាលខេត្តក៏បានមានប្រសាសន៍សង្កត់ធ្ងន់ផងដែរថា ការប្រារព្ធពិធីបុណ្យសាសនានៅថ្ងៃនេះ គឺកើតចេញពីផ្លែផ្កានៃ "សន្តិភាព" ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិជំនឿសាសនា និងជួបជុំគ្នាធ្វើបុណ្យទានយ៉ាងសប្បាយរីករាយ។ពិធីបុណ្យមាឃបូជានេះ បានបញ្ចប់ទៅក្នុងបរិយាកាសជ្រះថ្លា និងស្នាមញញឹម ដែលបង្ហាញពីការរួបរួមគ្នាយ៉ាងរឹងមាំរវាងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងទឹកដីខេត្តកំពង់ស្ពឺផងដែរ៕
ដោយ លឹម សាន្ត





