វត្តដំណាក់ តម្កល់ព្រះពុទ្ធបដិមាទ្រង់អភ័យ មុទ្រៈធ្វើអំពីស្ពាន់ ដែលមានកម្ពស់ខ្ពស់ជាងគេក្នុងខេត្តសៀមរាប ជាចំណែកមួយទាក់ទាញ់ទេសចរវត្តអារាម
AKP សៀមរាប ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦--ព្រះចៅអធិការវត្តដំណាក់ រួមជាមួយគណៈកម្មការវត្ត និងពុទ្ធបរិស័ទ បានរៀបចំតម្កល់«ព្រះពុទ្ធបដិមាទ្រង់អភ័យមុទ្រៈ»ដែលសាងសង់ឡើងអំពីស្ពាន់ និងមានកម្ពស់ខ្ពស់ជាងគេនៅក្នុងខេត្តសៀមរាប។

ព្រះតេជគុណ ឡោម លឿម ព្រះវិន័យធរវត្តដំណាក់មានសង្ឃដីកាឱ្យដឹងថា «ព្រះពុទ្ធបដិមាទ្រង់អភ័យមុទ្រៈ» នេះ មានកម្ពស់៩ម៉ែត្រ ដែលជាព្រះពុទ្ធរូបធ្វើអំពីស្ពាន់ធំជាងគេបំផុតនៅក្នុងខេត្តសៀមរាបនាពេលបច្ចុប្បន្ន។ ព្រះតេជគុណមានសង្ឃដីកាបន្តថា ព្រះពុទ្ធបដិមាអង្គនេះនឹងក្លាយជាទីសក្ការបូជាថ្មីមួយបន្ថែមទៀតសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយអញ្ជើញមកនមស្ការថ្វាយបង្គំ និងបូជាតាមកម្លាំងសទ្ធា។ ជាពិសេស នេះគឺជាការបន្សល់ទុកនូវមរតកដ៏កម្រក្នុងព្រះពុទ្ធសាសនា ដែលមិនសូវមានការកសាងពីស្ពាន់ក្នុងទំហំធំបែបនេះឡើយ និងដើម្បីទុកជាទីគោរពសក្ការសម្រាប់បរិស័ទជំនាន់ក្រោយ និងជាចំណែកមួយដ៏សំខាន់ក្នុងការទាក់ទាញ់ភ្ញៀវទេសចរវត្តអារាមផងដែរ។

ព្រះតេជគុណបញ្ជាក់បន្ថែមថា មូលហេតុនៃការជ្រើសរើសយក «ព្រះពុទ្ធបដិមាទ្រង់អភ័យមុទ្រៈ» គឺដើម្បីតំណាងឱ្យការផ្សាយមេត្តាធម៌ចំពោះសព្វសត្វទាំងឡាយ។ ព្រះតេជគុណពន្យល់ដូច្នេះថា៖ «មេត្តាគឺជាធម៌ដែលនាំមកនូវភាពត្រជាក់ត្រជុំ និងសុខដុមរមនា ប្រៀបដូចជាទឹកអម្រឹតជួយប្រោសព្រំឱ្យមនុស្សលោកទទួលបានសេចក្តីសុខចម្រើន។ ការកសាងនេះក្នុងបំណងដាស់តឿនដល់បរិស័ទដែលមកគោរពវន្ទា ឱ្យចេះមានសណ្ដានចិត្តមេត្តា ស្រឡាញ់រាប់អាន និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក ដែលជាឫសគល់នាំឱ្យជីវិតរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត»។

គួរបញ្ជាក់ផងដែរថា «ព្រះពុទ្ធបដិមាទ្រង់អភ័យមុទ្រៈ» ធ្វើអំពីស្ពាន់អង្គនេះ រួមទាំងតួបល្ល័ង្កខាងក្រោម ចំណាយថវិកាកសាងអស់ជាង៧ម៉ឺនដុល្លារអាមេរិក។ នៅថ្ងៃខាងមុខ គណៈកម្មការវត្តមានគម្រោងនឹងរៀបចំបិទសន្លឹកមាសបន្ថែម ដើម្បីឱ្យរូបរាងព្រះបដិមានេះកាន់តែមានភាពឥតខ្ចោះ និងគង់វង្សស្ថិតស្ថេរបានយូរអង្វែង។ លើសពីនេះក៏ដើម្បីញ៉ាំសទ្ធាជ្រះថ្លារបស់បរិស័ទឱ្យកាន់តែមុតមាំបន្ថែមទៀតពេលបានមកគោរពបូជានៅក្នុងទីអារាមនេះ៕


ដោយ៖ ឃុត សៅ





