ពិធីបួងសួងសុំសុខសន្តិភាពដល់ព្រះរាជាណាចក្រកម្ពុជា
AKP កំពង់ស្ពឺ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥-- ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងសុំឱ្យសេចក្តីសុខ សន្តិភាព និងស្ថិរភាព កើតមានឡើងវិញលើទឹកដីព្រះរាជាណាចក្រកម្ពុជា ដោយពិធីបានប្រារព្ធនៅវត្តមុនីរង្សីរតនារាម ហៅវត្តមុំជើង នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។

ព្រះសង្ឃ ពុទ្ធបរិស័ទ ថ្នាក់ដឹកនាំខេត្ត រួមបងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងខេត្តកំពង់ស្ពឺ ប្រមាណជា ៧០០អង្គ/នាក់ បាននិមន្តជួបជុំគ្នា ដើម្បីរៀបចំ ពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយភាពសុខដុមរមនាក្នុងសង្គមឡើយ តែវាជាការខាត់បង់ និងជា វិនាសកម្មមនុស្សជាតិរបស់ពិភពលោកជារួម និងដោយឡែកសម្រាប់ប្រទេសទាំង២។

គោលបំណងនៃការជួបជុំគ្នានាឱកាសនេះ គឺដើម្បីរួមគ្នាបួងសួងសុំឱ្យសេចក្តីសុខ សន្តិភាព និង ស្ថិរភាព កើតមានឡើងវិញលើទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងសង្គ្រាមជាមួយនឹងយោធាថៃ និងដើម្បីជំរុញស្មារតីប្រជាពលរដ្ឋក្នុងការទាមទារសន្តិភាព ដោយសន្តិវិធី និងធម៌អហិង្សា៕


ដោយ លឹម សាន្ត





