សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម រួមជាមួយអាជ្ញាធរខេត្តសៀមរាប ចុះសួរសុខទុក្ខនិងចែកស្បៀងអាហារដល់ជនភៀសសឹកមកស្នាក់នៅតាមវត្តក្នុងក្រុងសៀមរាប
AKP សៀមរាប ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥-- សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តរាជបូណ៌ រួមជាមួយអាជ្ញាធរខេត្តសៀមរាប កាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២៥ បាននិមន្ត និងអញ្ជើញចុះជួមសំណេះសំណាលសួរសុខទុក្ខនិងផ្តល់ជូននូវគ្រៀងឧបភោគបរិភោគដល់បងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹកមកពីតំបន់មានជម្លោះកម្ពុជា-ថៃ ដែលបានមកស្នាក់នៅក្នុងវត្តប្រាសាទគោកចក ក្នុងសង្កាត់គោកចក វត្តចន្លោង ក្នុងសង្កាត់ស្រង៉ែ និងវត្តអារញ្ញសាគរ ក្នុងសង្កាត់សៀមរាប ព្រមទាំងជនភៀសសឹកដែលបានមកស្នាក់នៅតាមផ្ទះបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់សាលាកំរើក ក្នុងក្រុងសៀមរាបផងដែរ។
លោក លី សារី អភិបាលរងខេត្តសៀមរាប ដែលបានរួមដំណើរជាមួយព្រះអង្គក្នុងការចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនោះ បានសម្តែងនូវក្តីរំភើប និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះមេត្តាធម៌ និងការលះបង់ដ៏ថ្លៃថ្លារបស់ព្រះតេជគុណព្រះគ្រូចៅអធិការវត្តទាំងអស់ ព្រមទាំងគណៈកម្មការអាចារ្យវត្តដែលបានបើកទ្វារវត្តអារាម ផ្តល់ទីជម្រកដ៏កក់ក្តៅ និងផ្តល់អាហារប្រចាំថ្ងៃ ជូនដល់បងប្អូនជនភៀសសឹករបស់យើង ដែលបានភៀសខ្លួនមកពីតំបន់មានជម្លោះ ដោយសារសង្គ្រាម ដែលសកម្មភាពដ៏ប្រពៃនេះ គឺពិតជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី គំរូវីរភាពមនុស្សធម៌ តាមគន្លងព្រះពុទ្ធសាសនា ដែលតែងតែបណ្តុះនូវសេចក្តីស្រឡាញ់ ការអាណិតអាសូរ និងការជួយសង្គ្រោះដល់អ្នកដែលកំពុងជួបទុក្ខលំបាក។


ថ្លែងទៅកាន់ជនភៀសសឹកទាំងនោះ លោក លី សារី បានមានប្រសាសន៍បន្ថែមថា វត្តអារាម មិនត្រឹមតែជាទីសក្ការបូជាប៉ុណ្ណោះទេ តែបានក្លាយជា “ផ្ទះទីពីរ”ឬ ទីជម្រកសុវត្ថិភាព” សម្រាប់បងប្អូនដែលកំពុងរងទុក្ខវេទនាទាំងផ្លូវកាយនិងផ្លូវចិត្ត។ ហើយការសម្រេចព្រះទ័យរបស់ព្រះតេជគុណគ្រប់ព្រះអង្គ ក្នុងការលះបង់ និងផ្តល់ជំនួយទាន់ពេលវេលានេះ បានជួយឱ្យបងប្អូនជនភៀសសឹកជាច្រើនមានកម្លាំងចិត្តនិងក្តីសង្ឃឹមឡើងវិញ។ ហើយលោអភិបាលរងខេត្តរួបនោះបានណែនាំដល់អាជ្ញាធរទាំងអស់ បន្តសហការយ៉ាងជិតស្និទ្ធជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ សុខសុវត្ថិភាព និងការផ្គត់ផ្គង់ ចាំបាច់នានា ដល់បងប្អូនជនភៀសសឹកឱ្យបានសមរម្យ និងថ្លៃថ្នូរ រហូតដល់ស្ថានការណ៍មានលក្ខណៈល្អប្រសើរឡើងវិញ។
ក្នុងឱកាសជួបសំណេះសំណាលនោះ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែមសិរីសុវណ្ណោ បានមានថេរដីកាថា ស្ថិតនៅក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃនោះ សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវរួបរួមសាមគ្គីជួយគ្នាក្នុងគ្រាលំបាក មានទុក្ខរួមទុក្ខ មានសុខរួមសុខ គ្មានអ្វីដែលល្អប្រសើរជាងពេលបានឃើញប្រទេសជាតិ មានសន្តិភាពនោះទេ ឃើញបងប្អូនបានរស់នៅជួបជុំគ្រួសារ ពោរពេញទៅដោយស្នាមញញឹមគ្រប់ៗគ្នា។


សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បានមានថេរដីកាលើកឡើងទៀតថា សង្គ្រាមមិនដែលបានផ្តល់សុភមង្គល ភាពរីកចម្រើន ការជួបជុំគ្រួសារដូចសម័យមានសន្តិភាពនេះទេ គឺសង្គ្រាមមានតែធ្វើឱ្យពួកគាត់ឈឺចាប់ខ្លោចផ្សាមិនអាចគណនាបាន ដូច្នេះហើយបើសង្គមជាតិមានសុខសន្តិភាព ទើបសាសនារស់នៅសុខស្ងប់បានផងដែរ។ ព្រះអង្គបានមានថេរដីកាទៀតថា វត្តអារាមនេះ គឺជារបស់យើងទាំងអស់គ្នាហើយនៅទីនេះ គឺជាទីស្នាក់អាស្រ័យនៃសេចក្តីស្ងប់ ជាទីដែលយើងបានរស់នៅដោយផ្អែកលើធម៌មេត្តា និងធម៌ករុណារបស់ព្រះសង្ឃ។ ព្រះពុទ្ធសាសនាបានបង្រៀនយើងថា ជីវិតគឺប្រកបដោយ ទុក្ខ សុខ លាភ និងយស ដែលតែងតែផ្លាស់ប្តូរជានិច្ច មិនឋិតថេរឡើយហើយបងប្អូនទាំងអស់គ្នាបានឆ្លងកាត់នូវទុក្ខលំបាកដ៏ធ្ងន់ធ្ងរ នៃការភៀសខ្លួនចេញពីស្រុកកំណើត មកដោយសារតែការភ័យខ្លាចសង្គ្រាម។ ព្រះអង្គសូមសម្តែងនូវការអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុត ចំពោះការបាត់បង់និងការឈឺចាប់ទាំងឡាយ ដែលបងប្អូនបានជួបប្រទះ។

គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី១០ ខែធ្នូនេះ បងប្អូនជនភៀសសឹកដែលបានមកស្នាក់នៅក្នុងវត្តប្រាសាទគោកចក មានចំនួន១៥៣គ្រួសារ ស្មើចំនួន៤៩៩នាក់។ វត្តលុម្ពិនីល្បេក ហៅវត្តចន្លោង មានចំនួន៧០គ្រួសារ ស្មើនឹង៣០០នាក់។ វត្តអារញ្ញសាគរ មានចំនួន១៤៧គ្រួសារ ស្មើនឹង៥៤០នាក់ ព្រមទាំងជនភៀសសឹកដែលបានមកស្នាក់នៅតាមផ្ទះបងប្អូននៅក្នុងសង្កាត់សាលាកំរើកមានចំនួន១៤២គ្រួសារ ស្មើនឹង៤៦២នាក់ គឺត្រូវបានសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ផ្តល់ជូននូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផងដែរ៕
ដោយ ហង្ស សៀក





