អភិបាលស្រុកស្ទោង៖សមិទ្ធផលតម្លៃជាង១ម៉ឺនដុល្លារសហរដ្ឋអាមេរិកកើតឡើងដោយសារការរួបរួមលះបង់ធនធានរបស់ពុទ្ធបរិស័ទនិងសប្បុរសជនជិតឆ្ងាយក្នុងការទ្រទ្រង់ពុទ្ធសាសនា
AKP កំពង់ធំថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ --លោកសាយ គឹមឡមអភិបាលស្រុកស្ទោង បានលើកឡើងថា សមិទ្ធផលតម្លៃជាង១ម៉ឺនដុល្លារសហរដ្ឋអាមេរិក កើតឡើងដោយសារការរួបរួមលះបង់ធនធានរបស់ពុទ្ធបរិស័ទនិងសប្បុរសជនជិតឆ្ងាយក្នុងការទ្រទ្រង់ពុទ្ធសាសនាក្នុងឱកាសលោកនិងលោកស្រី ស៊ឹង ផល្លា អញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់នូវក្លោងទ្វារនិងផ្លូវបេតុងស្ថិតនៅក្នុងវត្តក្រសាំងមានជ័យ ក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំនាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥។

ថ្លែងទៅកាន់ព្រះគ្រូចៅអធិការ លោកអាចារ្យ គណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងសប្បរជននៅក្នុងឱកាសនេះលោកអភិបាលស្រុកបានថ្លែងអំណរព្រះគុណនិងអរគុណដល់ព្រះគ្រូចៅអធិការ លោកអាចារ្យគណៈកម្មការ ព្រមទាំងលោកទៀ ឆាយវេង និងភរិយា ព្រមទាំងលោកថេង ណាល់ និងក្រុមគ្រួសារព្រមទាំងសប្បុរសជនជិតឆ្ងាយដែលបានរួបរួមសហការគ្នាលះបង់នូវបច្ច័យធនធាន កម្លាំងកាយចិត្ត ក្នុងការកសាងនូវសមិទ្ធផលដ៏អស្ចារ្យរួមមានក្លោងទ្វារ និងផ្លូវបេតុងដែលមានតម្លៃជាង១ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ជាកំណប់ទ្រព្យក្នុងព្រះពុទ្ធសាសនា។ មួយវិញទៀតគឺជាការសន្សំនូវបុញ្ញនិធិសម្រាប់ជាតិនេះ និងអនាគតជាតិ ថែមទាំងបង្ហាញនូវការរួបរួមសហការសាមគ្គីគ្នាក៏ដូចជាការផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រ ជាពិសេសរវៀងពុទ្ធបរិស័ទជិតឆ្ងាយ រដ្ឋបាលស្រុកស្ទោងនិងជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សាយ គឹមឡម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក ទៀ ឆាយវេង និងភរិយាព្រមទាំងលោក ថេង ណាល់ និងក្រុមគ្រួសារតែងតែរួបរួមឧបត្ថម្ភ និងសហការ ជាមួយរដ្ឋបាលស្រុកស្ទោងក្នុងការកសាងនូវសមិទ្ធផលនានានៅក្នុងស្រុកស្ទោងជាពិសេសការដាក់បំពាក់អំពូលសូឡាជាច្រើនរយដើមនៅតាមទីសាធារណៈក៏ដូចជាវត្តអារាម សាលារៀន និងកន្លែងផ្សេងៗទៀតនៅក្នុងស្រុកស្ទោង ពិសេសជាងនេះទៀតគឺការកសាងនូវផ្លូវបេតុង និងក្លោងទ្វារវត្តក្រសាំងមានជ័យនេះជាសភាពចាស់ស្រាប់ ដែលថវិការបស់លោក ទៀ ឆាយវេង និងភរិយាសរុបចំនួន៨៨៧៧ដុល្លារសហរដ្ឋអាមេរិក។


នៅក្នុងកម្មវិធីនេះក៏មានចែកប្រគេននូវស្លាដកដល់ព្រះសង្ឃចំនួន៥អង្គ សិស្សានុសិស្ស២២៦នាក់ក្នុងម្នាក់ទទួលបាននូវសម្ភារសិក្សា១កញ្ចប់ លោកគ្រូអ្នកគ្រូ៦នាក់ក្នុងម្នាក់ទទួលបានថវិកា២ម៉ឺនរៀល ព្រមទាំងចែកជូនក្រមាចំនួន៧០ដល់លោកយាយ លោកតា ដែលបានចូលរួមក្នុងកម្មវិធីផងដែរជាពិសេសលោកអភិបាលស្រុក បានចែកជូននូវគ្រឿងឧបភោគបរិភោគដល់គ្រួសារងាយរងហានិភ័យចំនួន១៣គ្រួសារបន្ថែមទៀត ដែលក្នុង១គ្រួសារៗទទួលបាននូវ អង្ករ១បេ មី១ថង់ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងត្រីខ១យួរ៕
ដោយ៖ ស៊ុម វណ្ណា





