ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញដង្ហែរអង្គកឋិនទានសាមគ្គី វត្តមុនីរង្សីរតនារាម (ហៅវត្តម្រុំខាងជើង) ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន
AKP កំពង់ស្ពឺ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥–
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យដង្ហែរអង្គកឋិនទានសាមគ្គី វត្តមុនីរង្សីរតនារាម (ហៅវត្តម្រុំខាងជើង) ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យដង្ហែរអង្គកឋិនទានសាមគ្គី វត្តមុនីរង្សីរតនារាម (ហៅវត្តម្រុំខាងជើង) ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ ឯកឧត្តម លោកជំទាវ មន្ត្រីរាជការ និងពុទ្ធបរិស័ទបានដង្ហែកឋិនទាន និងវេរប្រគេននូវកឋិនចីវរជូនចំពោះព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់ត្រីមាស ដើម្បីទទួលបាននូវអានិសង្សដ៏ឧត្តុង្គឧត្តមក្នុងព្រះពុទ្ធសាសនា។ ក្រៅពីការបំពេញបុណ្យកុសល ពិធីនេះក៏មានគោលបំណងប្រមូលបច្ច័យ (ថវិកា) សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តអារាម និងបំពេញតាមតម្រូវការចាំបាច់ផងដែរ។

ពិធីបុណ្យកឋិនទាន គឺជាពិធីបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋខ្មែរ ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋាភិបាលតែងតែចូលរួមធ្វើជាប្រធាន ឬជាសប្បុរសជនដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលក្នុងវត្តអារាម និងវប្បធម៌។ ការចូលរួមក្នុងពិធីបុណ្យកឋិនទាន មិនត្រឹមតែជាការបំពេញបុណ្យកុសលតាមប្រពៃណីព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិស័យសាសនា ដែលជាមូលដ្ឋានគ្រឹះនៃសីលធម៌សង្គម។

ជាមួយគ្នានេះ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុង ព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ដែលទាយក ទាយិកាមានសទ្ធាជ្រះថ្លា នាំយកចីវរទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែលបានគង់ចាំវស្សាអស់ត្រីមាសក្នុងអាវាសវត្តណាមួយនិងជាទានវិសេស មានលក្ខណៈប្លែកជាងទានដទៃ៥យ៉ាង ភិក្ខុសង្ឃបានក្រាលគ្រងកឋិនទទួលបានសង្ឃលាភ និងអានិសង្ស ៥ ហើយអ្នកប្រគេនកឋិនចីវរ ក៏ទទួលបានអានិស្ស៥ផងដែរ៕
ដោយ៖ លឹម សាន្ត





