លោក ស៊ី និង លោក ពូទីន ផ្ញើលិខិតអបអរសាទរវេទិកា ពាណិជ្ជកម្មថាមពលចិន - រុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ -- ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping ) និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ( Vladimir Putin ) បានផ្ញើលិខិតអបអរសារទរដល់វេទិកាពាណិជ្ជកម្មថាមពលចិន - រុស្ស៊ី ដែលបានបើកធ្វើនៅក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍នេះ ។
លោក ស៊ី បាននិយាយនៅក្នុងលិខិតនោះថា ភាពជាដៃគូកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រដ៏ទូលំទូលាយចិន - រុស្ស៊ី បាននឹងកំពុងបង្ហាញឱ្យឃើញនូវសន្ទុះយ៉ាងខ្លាំងមួយ ព្រមទាំងរីកចម្រើនដោយឥតឈប់ឈរក្នុងគ្រប់វិស័យ ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ស្នាដៃយ៉ាងសំខាន់ត្រូវបានគេធ្វើឱ្យមានការគាប់ចិត្តនៅក្នុងកិច្ចសហប្រតិបត្តិការថាមពលទ្វេភាគី ដែលបានដើរតួនាទីយ៉ាងសកម្មមួយនៅក្នុងការជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋ កិច្ចនិងសង្គម ។
លោក ស៊ី បាននិយាយថា ចិនមានឆន្ទៈធ្វើការងារជាមួយរុស្ស៊ី ដើម្បីនាំយកកិច្ចសហប្រតិបត្តិការថាមពលទ្វេភាគី ឱ្យឡើងទៅដល់កម្រិតមួយ ដែលកាន់តែខ្ពស់ឡើង ។
លោក ពូទីន បាននិយាយនៅក្នុងលិខិតរបស់លោកថា ភាពជាដៃគូសម្របសម្រួលជាយុទ្ធសាស្ត្រដ៏ទូលំទូលាយរុស្ស៊ី - ចិន បាននឹងកំពុងពង្រឹងដោយឥតប្រែប្រួលហើយថា កិច្ចសហប្រតិបត្តិការថាមពល ដែលជាផ្នែកយ៉ាងសំខាន់មួយ នៃចំណងទាក់ទងទ្វេភាគីនោះ ត្រូវបានគេមើលឃើញមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។
លោក ពូទីន បាននិយាយថា ពួកអ្នកចូលរួមមកពីរដ្ឋាភិបាល , សាជីវកម្មថាមពល , ស្ថាប័នហិរញ្ញវត្ថុ និងក្រុមផ្តល់មតិយោបល់អាចធ្វើការសន្ទនាគ្នាដែលផ្តល់ឱ្យនូវអ្វី ដែលមិនទាន់បានដឹងនិងប្រកបដោយការស្ថាបនានៅឯវេទិកានេះ ព្រមទាំងរុករកនូវរបៀបថ្មីនៃកិច្ចសហប្រតិបត្តិការសម្រាប់ផលប្រយោជន៍ទៅវិញទៅមក ៕
( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )






