ក្រសួងការបរទេសអ៊ុយក្រែនទទូចដល់់រុស្ស៊ីឱ្យដោះលែង នាវិកអ៊ុយក្រែនដែលគេឃុំឃាំង
AKP ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ -- ក្រសួងការបរទេសអ៊ុយក្រែននិយាយពីថ្ងៃពុធនេះថា ខ្លួនបានបញ្ជូនលិខិតមួយទៅឱ្យប្រទេសរុស្ស៊ីដោយទទូចដល់ប្រទេសនេះឱ្យដោះលែងនាវិកអ៊ុយក្រែនដែលត្រូវគេឃុំឃាំងក្នុងអំឡុងភាពតានតឹងនៅក្នុងសមុទ្រ Azov នោះ ។
ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងបានរំលឹកឡើងវិញនូវតម្រូវការដាច់ខាតដល់ភាគីរុស្ស៊ីឱ្យដោះលែងចេញពីការឃុំឃាំងជាបន្ទាន់ពលរដ្ឋអ៊ុយក្រែនដែលគេចាប់ខ្លួន ព្រមទាំងធានាឱ្យមានការវិលត្រឡប់ដោយសុវត្ថិភាពរបស់ពួកគេមកកាន់ប្រទេសរបស់ពួកគេវិញ ។
កាលពីថ្ងៃអាទិត្យកងនាវាចរអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានបើកការបាញ់ និងចាប់នាវាអ៊ុយក្រែន៣គ្រឿងនៅក្បែរច្រកសមុទ្រ Kerch ដែលបំបែកសមុទ្រខ្មៅ និងសមុទ្រ Azov ។
ភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ីបាននិយាយថា នាវាអ៊ុយក្រែន៣គ្រឿងឈ្មោះ Berdyansk , Nikopol និង Yany Kapu បានរំលោភចូលព្រំដែនរុស្ស៊ី នឹងបានធ្វើសមយុទ្ធប្រកបដោយគ្រោះថ្នាក់ទោះបីជាមានការទាមទារពីនាវារុស្ស៊ី ដែលបានអមដំណើរពួកគេក៏ដោយ ។
អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថា ជនជាតិអ៊ុយក្រែនជាង ២០ នាក់ត្រូវបានឃុំខ្លួនក្នុងអំឡុងភាពតានតឹងនេះ ៕
( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )






