ប្រមុខ អ.ស.ប អះអាងគាំទ្រសម្រាប់ដំណើរការសន្តិភាពកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ -- ក្រសួងរបស់លោក Kang បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រមុខ អ.ស.ប បានប្រាប់រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Kang Kyung-wha ថា អង្គការរបស់លោកនឹងបន្តគាំទ្រការធ្វើមិនឱ្យមាននុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ និងការស្ថាបនានូវរបបសន្តិភាពមួយ។
អគ្គលេខាធិការ អ.ស.ប លោក អង់តូនីញ៉ូ ហ្គោទ័ររ៉េស បានជួបប្រជុំជាមួយលោក Kang នៅទីក្រុងញ៉ូវយ៉ក កាលពីថ្ងៃពុធ(ម៉ោងក្នុងស្រុក) ខណៈដែលលោករដ្ឋមន្រី្តបានឈប់សម្រាកនៅទីនោះ ក្នុងដំណើររបស់លោកទៅកាន់ប្រទេសប៉ាណាម៉ា។
លោក Kang បានបរិយាយដោយសង្ខេបជូនលោក ស្តីអំពីស្ថានការសន្តិសុខនៅក្នុងប្រទេសកូរ៉េ ហើយបានស្នើឱ្យមានកិច្ចសហប្រតិបត្តិការឱ្យបានស្ថិតថេររបស់ អ.ស.ប នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើរឡើងនូវការបញ្ចប់ការធ្វើមិនឱ្យមាននុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ព្រមទាំងសន្តិភាពនាពេលបច្ចុប្បន្ននេះ។
ក្រសួងបាននិយាយថា ប្រមុខ អ.ស.ប បានអះអាងគាំទ្រសម្រាប់ការផ្តួចផ្តើមគំនិតដែលជាប់ទាក់ទងរបស់ទីក្រុងសេអ៊ូល និងបានស្នើឱ្យខ្លួនដើម្បីរក្សាឱ្យបានការដើរតួនាទីមួយ ក្នុងការដោះស្រាយបញ្ហានានាលើពិភពលោកដែលនៅសេសសល់ផ្សេងទៀតនោះ មានដូចជា៖ ការបម្រែបម្រួលអាកាសធាតុ ភេរវកម្ម និងជនភៀសខ្លួនជាដើម។
លោក Kang បានធ្វើកិច្ចចរចាដាច់ដោយឡែកពីគ្នាផងដែរ ជាមួយអគ្គលេខាធិការរង អ.ស.ប លោក Amina Mohamed សម្រាប់កិច្ចពិភាក្សាគ្នាពីវិធានការកែទម្រង់ អ.ស.ប ពីទិសដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ព្រមទាំងបញ្ហាផ្សេងៗទៀត។
បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ាណាម៉ា លោកKang នឹងចេញដំណើរទៅកាន់ប្រទេសម៉ិកស៊ិក ដើម្បីចូលរួមក្នុងពិធីឡើងកាន់តំណែងប្រធានាធិបតីរបស់លោក Andres Manuel Lopez Obrador នាថ្ងៃសៅរ៍ខាងមុខនេះ៕
( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )






