វៀតណាម និងចិន ស្វែងរកការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ
AKP ភ្នំពេញថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ -- រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក Dinh Tien Dung បានជួបសន្ទនាជាមួយសមភាគីចិន លោក Liu Kun នៅទីក្រុងប៉េកាំង ក្នុងដំណើរទស្សនកិច្ចការងាររបស់លោកទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ វិច្ឆិកា។
នៅឯកិច្ចសន្ទនានោះ លោក Dung បានជម្រាបជូនម្ចាស់ផ្ទះអំពីម៉ាក្រូសេដ្ឋកិច្ច និងទស្សនវិស័យសេដ្ឋកិច្ចរបស់វៀតណាម។ លោកបាននិយាយថា ទោះបីជាមានការពិបាក និងមានបញ្ហាជាច្រើនក៏ដោយ ក៏ប្រទេសវៀតណាមបានគ្រប់គ្រងឱ្យទទួលបាននូវអត្រាកំណើនសេដ្ឋកិច្ច ៦,៩៨ភាគរយក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០១៨ នេះ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៩ខែ ចាប់តាំងពីឆ្នាំ ២០១១ មក។
លោក Dung បាននិយាយថា ប្រទេសវៀតណាមបានរក្សាអតិផរណាឱ្យស្ថិតក្រោមការគ្រប់គ្រង ខណៈដែលការជំរុញការនាំចូល និងនាំចេញ ជាកត្តាជំរុញដ៏សំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ចរបស់ខ្លួន។
រដ្ឋមន្រ្តីរួបនេះបាននិយាយបន្ថែមថា ទីផ្សារហិរញ្ញវត្ថុ និងទីផ្សារមូលប័ត្ររបស់វៀតណាម មានការរីកចម្រើនយ៉ាងខ្លាំង ស្របពេលដែលទីផ្សារធានារ៉ាប់រងរបស់ខ្លួនបានរក្សាកំណើនជាវិជ្ជមាន។
ទន្ទឹមនឹងនេះដែរ បរិយាកាសធុរកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយលោកបានកត់សម្គាល់ថា វៀតណាមបានលោតឡើងដល់ចំណាត់ថ្នាក់ទី ៦៨ ក្នុងចំណោមប្រទេសសេដ្ឋកិច្ចចំនួន ១៩០ នៃចំណាត់ថ្នាក់ធុរកិច្ចធនធានជំនួញរបស់ធនាគារពិភពលោក ឆ្នាំ ២០១៧ និងបានឡើងដល់ ចំណាត់ថ្នាក់ទី ៧៤ ក្នុងចំណោមប្រទេសចំនួន ១៣៥ នៃសន្ទស្សន៍សកលលោកសម្រាប់ការប្រកួតប្រជែងឆ្នាំ ២០១៧ ។
យោងតាមរដ្ឋមន្ត្រីរូបនេះបានឱ្យដឹងទៀតថា បណ្តាអង្គការអន្តរជាតិមួយចំនួនបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់វៀតណាមនឹងមានកំណើនជាវិជ្ជមាននៅក្នុងឆ្នាំ ២០១៨ ។
លោក Liu បានកត់សម្គាល់ដោយក្តីសប្បាយរីករាយថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងចិន - វៀតណាម ត្រូវបានលើកកម្ពស់ បន្ទាប់ពីដំណើរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
លោកបាននិយាយទៅកាន់ភាគីវៀតណាមថា សេដ្ឋកិច្ចចិនកំពុងផ្លាស់ប្តូរទៅរកកំណើនដែលមានគុណភាពខ្ពស់ ហើយប្រទេសនេះកំពុងព្យាយាមសម្រេចគោលដៅនៃការលុបបំបាត់ភាពក្រីក្រឱ្យបានទូលំទូលាយនៅត្រឹមឆ្នាំ ២០២០៕
(ប្រភព VNAបកប្រែដោយលោក យា ចិន្តាខន្តី)






