រដ្ឋមន្ត្រីពាណិជ្ជកម្មស្នើប្រតិភូមូលនិធិហ្សិនចិន ជួយសម្របសម្រួលការបង្កើតកម្មវិធី WeChat ជាខេមរភាសា
AKP ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ -រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានស្នើឱ្យុគណៈប្រតិភូមូលនិធិហ្សិនចិននៃសាធារណរដ្ឋប្រជាមានិតចិន ជួយសម្របសម្រួលគម្រោងបង្កើតកម្មវិធីទូរស័ព្ទដៃ WeChat ជាខេមរភាសា ជាមួយក្រុមហ៊ុនថេនសេន (Tencent) ដែលជាស្ថាបនិកកម្មវិធី WeChat ដើម្បីពង្រឹងវិស័យ ពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) បច្ចេកវិទ្យា និងសុវត្ថិភាពព័ត៌មាន នៅក្នុងប្រទេស កម្ពុជា។ ការស្នើសុំនេះ គឺបានធ្វើឡើង ក្នុងជំនួបពិភាក្សាការងារជាមួយជាមួយគណៈប្រតិភូមូលនិធិហ្សិនចិន (Shenzhen) ដែលដឹកនាំដោយលោកជំទាវ តៅ យីតៅ (Tao Yitao) អនុប្រធានមូលនិធិហ្សិនចិន កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបគណៈប្រតិភូមូលនិធិ ហ្សិនចិន អំពីកំណែទម្រង់របស់ក្រសួងពាណិជ្ជកម្ម និងការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ សមាហរណកម្មពាណិជ្ជកម្ម(CTIS) ឆ្នាំ២០១៩-២០២៣ ដែលមានដាក់បញ្ចូលសេវាកម្ម ឧស្សា ហកម្មធុនស្រាល ពាណិជ្ជកម្មតាមអេឡិចត្រូនិក ក៏ដូចជាសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ ឧស្សាហកម្ម ៤.០ ជាគោលដៅអាទិភាពសម្រាប់អភិវឌ្ឍន៍។ ឯកឧត្តមក៏បានអំពាវនាវដល់មូល និធិហ្សិនចិន និងគណៈប្រតិភូទាំងអស់ សិក្សាលម្អិត និងជួយគាំទ្រកម្ពុជា តាមរយៈការធ្វើ ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ពីគ្នាទៅវិញទៅមក ដោយ សារ Shenzhen គឺជាតំបន់មួយ ដែលមានការអភិវឌ្ឍ ប្រកបដោយបច្ចេកវិទ្យាទំនើប និងឈានមុខគេ នៅក្នុងផលិតកម្ម ឧស្សាហកម្ម និងសេវាកម្ម ជាពិសេសពាណិជ្ជកម្មតាមអេឡិចត្រូនិក។
ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា ក្រសួងពាណិជ្ជកម្ម ចង់បានកម្មវិធីទូរស័ព្ទដៃ WeChat ជាភាសាខ្មែរ ដោយសារកម្មវិធីនេះ ផ្តល់ឱ្យអ្នកប្រើប្រាស់ ធ្វើការទំនាក់ទំនងគ្នាគ្រប់ ទីកន្លែង ទូទាត់ចំណាយតាមប្រព័ន្ធអេឡិចត្រូនិក (E-payment) ដោយប្រើប្រាស់បាកូដ និង អាចទប់ស្តាត់ព័ត៌មានក្លែងក្លាយ (Fake News) នៅលើប្រព័ន្ធអ៊ិនធើណេតថែមទៀត។
លោកជំទាវ តៅ យីតៅ បានសន្យានាំយកសំណើរបស់ក្រសួងពាណិជ្ជកម្ម ទៅជម្រាបក្រុមហ៊ុនថេនសេន (Tencent) ដើម្បីសិក្សាអំពីលទ្ធភាពបង្កើតកម្មវិធី WeChat ជាខេមរភាសា សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យ ពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល ជាមួយរាជរដ្ឋាភិបាល។
ជាមួយគ្នានេះដែរ លោកជំទាវបានលើកឡើងថា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងតំបន់ហ្សិនចិន និងព្រះរាជាណាចក្រកម្ពុជា នៅក្រោមក្របខ័ណ្ឌមេគង្គ-ឡានឆាន លោកជំទាវ តៅ យីតៅ និងគណៈប្រតិភូ បានចុះកិច្ចសន្យាផ្តល់កុំព្យូទ័រយួរដៃ (Laptop) ចំនួន ៥០គ្រឿង ដែលជាអំណោយរបស់សាកលវិទ្យាល័យហ្សិនចិន ជូនឯកឧត្តមរដ្ឋមន្ត្រី និងក្រសួងពាណិជ្ជកម្ម ដើម្បីលើកស្ទួយប្រសិទ្ធភាពការងារនៅក្នុងក្រសួង និងនៅតាមមន្ទីរពាណិជ្ជកម្មរាជធានីខេត្ត៕
ដោយ ទេស ច័ន្ទសុធារី