កម្ពុជា-ចិនរៀបចំផែនការការងារសម្រាប់អនុវត្តន៍ ទៅថ្ងៃមុខក្នុងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ -កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ថ្នាក់អគ្គលេខាធិការលើក ទី៥ បានធ្វើការពិភាក្សា និងរៀបចំនូវផែនការការងារសម្រាប់អនុវត្តន៍ទៅថ្ងៃមុខ ដើម្បីបន្តធ្វើ ឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។ កិច្ចប្រជុំនេះ គឺធ្វើឡើងកាលពីល្ងាចថ្ងៃទី២១ខែមីនាឆ្នាំ២០១៩នៅទីស្តីការ ក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ។
ក្នុងលទ្ធផលនៃកិច្ចប្រជុំបានសម្រចថា ផែនការការងារសម្រាប់អនុវត្តន៍ទៅថ្ងៃមុខ នេះនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងផ្លែផ្កា ដែលនឹងផ្តល់នូវផលប្រយោជន៍ដល់ប្រទេសទាំងពីរ ជាពិសេសប្រជាជនកម្ពុជាក្នុងការធានា រក្សាសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងការលើកតម្កើងជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការខាងភាគីកម្ពុជា និងឯកឧត្តម Kong Xuanyou អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងជាអគ្គលេខាធិការខាងភាគីចិន ដោយមានការចូលរួមពី តំណាងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ នៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានសម្ដែង នូវការពេញចិត្ត ចំពោះលទ្ធផលការងារដែលសម្រេចបាននៅក្នុងពេលកន្លងមកនៅក្នុង ក្រប ខ័ណ្ឌកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទំាងពីរដែលកាន់តែមានលក្ខណៈស៊ីជម្រៅ កាន់តែជិតស្និទ្ធ និងស្មោះត្រង់ ព្រមទាំងសម្រេចបាននូវផ្លែផ្កាជាច្រើនរាប់មិនអស់។ ជាមួយគ្នានេះដែរ តាមរយៈលទ្ធផលទាំងនេះ កើតចេញពីទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការដ៏យូរលង់ ដែលជាស្នាព្រះហស្ដរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុន ក៏ដូចជាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងសម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំចិន ពីមុន និងបច្ចុប្បន្ន ជាពិសេសឯកឧត្ដមប្រធានាធិបតី ស៊ី ជីនភីង និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន៕
ដោយ គង់ សិរីរ័ត្ន