ប្រមុខរាជរដ្ឋាភិបាល បើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ លើកដំបូងគេបំផុត និងជាប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា
AKP កំពង់ស្ពឺ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ -គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាលើកដំបូងគេបំផុត និងជា ប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា ដែលត្រូវបានប្រារព្ធពិធីបើកការដ្ឋានស្ថាបនា នាព្រឹកថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម Kong Xuanyou អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុប ១៩០.០១ គីឡូម៉ែត្រ តភ្ជាប់ពីភូមិទី១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិទី១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្ដាលប្រវែង ៩.១០ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០ គីឡូម៉ែត្រ ខេត្តកោះកុង ប្រវែង១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ប្រវែង៨៩.៨៩ គីឡូម៉ែត្រ។ ក្នុងទទឹងតួផ្លូវសរុបនៃគម្រោងនេះ នឹងត្រូវសាងសង់រហូតដល់២៤ម៉ែត្រ ដោយក្រាល កៅស៊ូ(AC) កម្រាស់ ១០ សង់ទីម៉ែត្រ ទទឹង ២៣ម៉ែត្រ ដែលក្នុនោះមាន គន្លងផ្លូវធ្វើចរាចរណ៍ សម្រាប់រថយន្ត ទទឹង ១៥ម៉ែត្រ ចែកចេញជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង ៣.៧៥ ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុង ល្បឿនរហូតដល់ ១០០ គ.ម ក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់ ១២០ គ.ម ក្នុងមួយម៉ោង។ ចំពោះខឿនសួនចែកទិសចរាចរណ៍នៅចំកណ្ដាលទ្រូងផ្លូវ ទទឹង ៣ មែត្រ។ ចិញ្ចើមផ្លូវក្រាល បេតុងកៅស៊ូ ទទឹង ២.៥០ ម៉ែត្រ សងខាង និងចិញ្ចើមផ្លូវក្រាលគ្រួសក្រហម ទទឹង ០.៧៥ ម៉ែត្រសងខាង។ សាងសង់លូគ្រប់ប្រភេទចំនួន២៦៣កន្លែង ស្ពានតូចចំនួន៥កន្លែង ប្រវែង សរុប១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យមចំនួន៨០កន្លែង ប្រវែងសរុប៦.០១៥ម៉ែត្រ។ សាងសង់ទិសចរាចរណ៍ចំនួន ៦កន្លែង ផ្លូវប្រសព្វចំនួន២៨កន្លែង ផ្លូវក្រោមល្បឿនលឿនចំនួន២៣៧ កន្លែង និងស្ពាន រំលងផ្លូវចំនួន២០កន្លែង។ សាងសង់តំបន់សេវាកម្ម ឬចំណត ឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្តចំនួន១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ ចំនួន៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៨កន្លែង។ បំពាក់គ្រឿងបរិក្ខាផ្លូវថ្នល់ រួមមាន ផ្លាក សញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍។
ឯកឧត្ដមបានឱ្យដឹទៀតថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណជិត២.០០០ លានដុល្លារអាម៉េរិក ជាទុនវិនិ យោគ របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co. , Ltd។ ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ថែមថា ដោយសង្កេតមើលឃើញថា ផ្លូវល្បឿនលឿននេះមានអត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងខ្លាំង ដល់ការអភិវឌ្ឍកម្ពុជា និងប្រើទុនវិនិយោគធំ សាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់ហិរញ្ញប្បទានឥតសំណងពិសេសចំនួន ១៥០លានដុល្លារអាម៉េរិក មករាជរដ្ឋាភិបាលកម្ពុជា ដើម្បីរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនក្រមហ៊ុន CRBC វិញ ជាវិភាគទានសម្រាប់គម្រោងនេះ។ ជាមួយនេះដែរ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ ត្រូវបានផ្ដល់ការប្រឹក្សាបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ដោយប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ ដោយគិតចាប់ពីខែមីនា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២៣។ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្ថែមទៀតថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ គឺជាការវិនិយោគដែលអនុវត្តន៍តាមរូបភាព សាងសង់ធ្វើអាជីវកម្ម និងផ្ទេរ (BOT) គឺអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគមានសិទ្ធិប្រមូលកម្រៃ សេវាពីអ្នកប្រើប្រាស់ផ្លូវ ក្នុងអាត្រាមួយកំណត់ ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងសម្បទាន ទៅតាមទំហំ និងប្រភេទនៃរថយន្តនីមួយៗ។
យោងតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្នើសុំក្រុមហ៊ុនឱ្យបញ្ចុះកម្រៃសេវាឆ្លងកាត់លើផ្លូវល្បឿនលឿននេះ ក្រុមហ៊ុនក៏បានឯកភាពមិនយកថ្លៃយានយន្តគ្រប់ប្រ ភេទ ដែលបើកបរលើផ្លូវល្បឿនលឿននេះ ក្នុងរយៈពេល១ ខែដំបូង និងបញ្ចុះតម្លៃ ២០ភាគរយ សម្រាប់រយៈពេល១ឆ្នាំបន្ទាប់ពីនោះ។ លើសពីនេះទៀត ក្រុមហ៊ុនបានយល់ព្រមកែសម្រួលកម្រៃសេវាឆ្លងកាត់ ក្នុងរយៈពេល៥ឆ្នាំម្ដង នៃប្រតិបត្តិការអាជីកម្មរបស់ខ្លួនផងដែរ។
គួរបញ្ជាក់ដែរថា បន្ទាប់ពីការសាងសង់រួចរាល់ជាស្ថាបពរ ផ្លូវនេះនឹងក្លាយជាផ្លូវមួយដ៏ទំនើបនៅកម្ពុជា មានភាពរឹងមាំ រលោង ធំទូលាយ ដែលនឹងមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងអាយុកាលប្រើប្រាស់យានយន្ត អាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ការកកស្ទះចរាចរណ៍ និងជាពិសេសជួយសម្រួលដល់ការធ្វើចរាចរណ៍នៅលើដងផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ បានមួយកម្រិតថែមទៀត។ ខ្សែផ្លូវនេះ នឹងក្លាយជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្ដានុពលរបស់ព្រះរាជាណាចក្រកម្ពុជា តភ្ជាប់ពីរាជធានីភ្នំពេញ ទៅ កាន់ខេត្តព្រះសីហនុ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើ ដំណើរ និងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា សំដៅសម្រួលដល់ការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុនវិនិយោគ និងបងប្អូនប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេស ទៅកាន់ទីផ្សារក្នុងស្រុក និងជាពិសេសទៅកាន់ទីផ្សារអន្តរជាតិ តាម រយៈកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅរបស់យើង ប្រកបដោភាពងាយស្រួល ចំណាយតិច និងឆាប់រហ័ស សំដៅបង្កើនសមត្ថភាពប្រកួតប្រជែងធុរកិច្ច និងទាញយកអត្ថប្រយោជន៍ឱ្យ បានច្រើនលើសលុប ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន តំបន់ និងពិភពលោក៕
ដោយ ជឹម ណារី