លោកជំទាវម៉ែន សំអន៖ ទោះពេលនេះ ប្រទេសជាតិមានសន្តិភាពទាំងស្រុងក្តី ក៏កងកម្លាំងប្រដាប់អាវុធនៅតែមានតួនាទីឈានមុខ រួមសុខរួមទុក្ខជាមួយប្រជាជនជានិច្ច
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ -- លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងឱកាសបើកសិក្ខាសាលាស្តីពី «សម្ព័ន្ធមេត្រីភាពរវាង អង្គភាពនៃ កងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល» នៅវិមានសន្តិភាព។
លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងកាពារជាតិ និងជាប្រធានក្រុមការ ងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រី ភាពមានប្រសាសន៍បញ្ជាក់ថា គោល បំណងនៃ សិក្ខាសាលានេះគឺដើម្បីពិនិត្យឡើងវិញនូវលទ្ធភាពការងារសម្ព័ន្ធ មេត្រី ភាពរយៈពេក ៣ឆ្នាំកន្លងមក ដើម្បីលើកទឹកចិត្តដល់ដៃគូសម្ព័ន្ធ មេត្រីភាព ឱ្យធ្វើសកម្មភាព ពង្រឹងការងារ សម្ព័ន្ធមេត្រីភាពឱ្យបានសកម្មបន្ថែមទៀត។ ពង្រឹងនិងពង្រីកសមិទ្ធ ផលការងារសម្ព័ន្ធមេត្រី ភាពនិងតម្រង់ទិសឱ្យមានគុណប្រយោជន៍ ជាយុទ្ធសាស្ត្រយូរអង្វែង កៀរគរទាក់ទាញ ឱ្យបានច្រើនបន្ថែមទៀត នូវការចូលរួមចំណែករបស់កិច្ចការសម្ព័ន្ធមេត្រី ភាពក្នុងការកែទម្រង់ កងយោធពលខេមរភូមិន្ទ ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមគ្រួសារយោធិន ក្នុងការ បំពេញកាតព្វកិច្ចការពារជាតិ ក៏ដូចជាការត្រៀមនៅពេលចូលនិវត្តន៍ ទៅរស់នៅ ក្នុងសង្គមស៊ីវិល។
លោកជំទាវបន្តថា ការងារសម្ព័ន្ធ មេត្រីភាព ជានិច្ចកាលត្រូវបានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីយកចិត្តទុក ដាក់ជំរុញអនុវត្តន៍ ឱ្យស្ថិតនៅជាប្រពៃល្អផូរផង់ជាពិសេសនៅក្នុងដំណាក់កាលថ្មី ដែលកងយោធពលខេមរភូមិន្ទ បានខិតខំកសាងពង្រឹងបន្ថែមទៀតនូវខឿនការពារជាតិ និងត្រៀមខ្លួនដើម្បីការពារអធិប តេយ្យ បូរណភាពទឹកដី និងថែរក្សាសណ្តាប់ធ្នាប់ សាធារណៈបម្រើឱ្យភូមិឃុំ មានសុវត្ថិភាព។ បច្ចុប្បន្នការងារសម្ព័ម្ធមេត្រីភាព មានស្ថាប័នរដ្ឋ សហគ្រាស ក្រុមហ៊ុនឯកជន និងសប្បុរសជន សរុបចំនួន៣២០បាន ចង សម្ព័ន្ធមេត្រីភាព ជាមួយ៨៩កងឯកភាព នៃកងយោធពលខេមរភូមិន្ទ។
នាឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះ គឺជាឱកាសដ៏វិសេស វិសាលមួយដែលបានរៀបចំឡើងក្នុងគោលបំណង ដើមី្បពង្រឹងនិងជំរុញការយកចិត្តទុដាក់ដល់ការ អនុវត្តការងារសម្ព័ន្ធមេត្រីភាព ដែលជាកិច្ចការដ៏មានសារៈសំខាន់ ហើយក៏ជាឱកាសមួយដើម្បីពិនិត្យវាយតម្លៃឱ្យបានគ្រប់ជ្រុង ជ្រោយ នូវអ្វីដែលយើងអនុវត្តន៍បានកន្លង មក អ្វីដែលយើងអនុវត្តន៍មិន ទាន់បានបទពិសោធន៍ ចំណុចខ្លាំង ចំណុចខ្សោយ និង ទិស ដៅភារកិច្ចសម្រាប់អនុវត្តន៍នាពេលខាងមុខ ប្រកបដោយភាពរលូន និងសម្រេចបានជោគជ័យតាមគោលដៅដែលអង្គសិក្ខាសាលា។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានថ្លៃងអំណរគុណដល់ម្ចាស់ជំនួយទាំងអស់ ដែលបានរួមចំណែកដ៏ថ្លៃថ្លា ក្នុងកិច្ចការពារជាតិ ដោយស្មារតីស្នេហាជាតិដ៏ស្មោះស្ម័គ្រ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី លោកជំទាវ កិត្តិសង្គហបណ្ឌិតបានសម្តែងការអបអរ សាទរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ សម្រេចបានក្នុងរយៈពេលកន្លង មករបស់អង្គភាពកងទ័ព និងកងគរបាលជាតិ ដែលបានបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តម ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ឆន្ទៈមោះមុត វិន័យថ្លៃថ្នូរ ស្មារតីស្នេហាជាតិ និងការតស៊ូអត់ធ្មត់ អង់អាចក្លាហាន ដោយឈរជើងយ៉ាងរឹងមាំត្រៀមការពារទឹកដីយើង។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន មានប្រសាសន៍បញ្ជាក់ទៀតថា ទោះជា ពេលប្រទេសជាតិមានសន្តិភាពទាំងស្រុងក្តី ក៏កងកម្លាំងប្រដាប់អាវុធ ទាំងអស់មានតួនាទីតែងតែឈានមុខរួមសុខរួមទុក្ខ ជាមួយប្រជាជន និងជួយទំនុកបម្រុងប្រជាជន ជួយសម្រាលនូវទុក្ខលំបាក គ្រប់បែបយ៉ាងរបស់ប្រជាជន ជាពិសេសនៅពេលប្រជាជនជួបការលំបាក ដូចជាពេលមានគ្រោះរាំងស្ងួត ទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀត។ ដូចគ្នានេះដែរប្រជាជន និងស្ថាប័នអង្គភាពស៊ីវិលក៏ត្រូវមានតួនាទីសំខាន់រួមចំណែក ក្នុងចលនាការពារជាតិរបស់យើង ពោលគឺជាប្រភពមិនចេះរីងស្ងួតនៃការផ្គត់ផ្គង់ កម្លាំងជ្រើសរើសទ័ព ប្រភពនៃកម្លាំងធនធាន និងការលើកទឹកចិត្តដល់កងទ័ព។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន បញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបាន ចេញសេចក្ដីសម្រេចស្ដីពីការរៀបចំការចងសម្ព័ន្ធមេត្រីភាពរវាងកងទ័ព កងនគរបាលជាតិជាមួយស្ថាប័ន អង្គភាពស៊ីវិល ក្នុងគោលបំណងលើកទឹកចិត្តស្ថាប័ន អង្គភាពស៊ីវិល ឱ្យរួមចំណែក ក្នុងវិស័យការពារជាតិ និងជួយដោះស្រាយការលំបាកនានា របស់អង្គភាពកងកម្លាំងប្រដាប់អាវុធយើង ឱ្យបានប្រសើរឡើងមួយកម្រិតទៀត ក៏ដូចផ្សាភ្ជាប់សមរភូមិមុខ សមរភូមិក្រោយ ជិតស្និទ្ធជាមួយគ្នា រួមចំណែកការពារជាតិមាតុភូមិ៕
ដោយ សួស សំរិត