ស្ថានទូតអូស្រាលីប្រចាំកម្ពុជាសម្ពោធបើកជាផ្លូវការ នូវកម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រាលី
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ -- ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងស្ថានទូតអូស្រាលីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ បានសម្ពោធបើកជាផ្លូវការ «កម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រាលី» ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ។
លោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូត នៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជាថ្លែងថា កម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រាលី ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) មានរយៈពេលបីឆ្នាំ (២០១៨-២០២១) ដោយមានមូលនិធិសរុបចំនួន ១៥លានដុល្លារអូស្ត្រាលី គឺជាគំនិតផ្តួចផ្តើមរបស់ប្រទេសអូស្ត្រាលី ដើម្បីលើកកម្ពស់សេវា ប្រកបដោយនិរន្តរភាព គុណភាព និងបរិយាប័ន្ន សម្រាប់ជនមានពិការភាព និងស្ត្រីដែលរង គ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
លោកជំទាវ Angela Corcoran បញ្ជាក់ថា កម្មវិធី(ACCESS)នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញា ចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការគាំទ្រការគោរព សិទ្ធិមនុស្ស សមភាព យេនឌ័រ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន សម្រាប់ជនមានពិការភាព នៅក្នុងតំបន់ របស់យើងដោយចាត់ទុក «ស្ត្រីក្នុងភាពជាអ្នកដឹកនាំ សមភាពយេនឌ័រ បរិយាប័ន្ន សម្រាប់ជន មានពិការភាព គឺជាស្នូលនៃកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ច»។ លោកជំទាវ ទូតបន្ថែមថា កម្មវិធី ថ្ងៃនេះ ក៏ជាកម្មវិធីថ្មីមួយ ដែលយើងនឹងប្រកាស បើកឱ្យមានការដាក់ សំណើសុំមូលនិធិសម្រាប់អង្គការនានា ដែលមានចំណាប់ អារម្មណ៍ចង់ចូលរួម អនុវត្តន៍គម្រោងជាមួយACCESSនេះផងដែរ។
ឯកឧត្តមបណ្ឌិត វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានចាត់ទុកកម្មវិធីACCESSនេះ ជាកម្មវិធីមួយដែលមាន សារៈសំខាន់ណាស់ ពាក់ព័ន្ធទៅលើវិស័យពីរ ដែលយើងនឹងរៀបចំសកម្មភាព ដើម្បីឆ្លើយ តបទៅនឹងតម្រូវ ការរបស់ជនដែលមានភាពងាយរងគ្រោះ ដូចជាជនមានពិការភាព ស្ត្រី និងក្មេងស្រីក្នុងសង្គមយើង ដោយផ្អែកលើផែនការសកម្មភាពទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រីរបស់រាជរដ្ឋាភិបាលឆ្នាំ២០១៩-២០២៨។ ACCESS នឹងជួយគាំទ្រ សកម្មភាព មួយចំនួន ជាពិសេសសកម្មភាពលើសេវាជួយជនរងគ្រោះ និងជនមានភាព ងាយរងគ្រោះ ដូចជាជនដែលមានពិការភាព ស្ត្រី និងក្មេងស្រី ដែលរងគ្រោះដោយអំពើហិង្សា ផ្នែកយេន ឌ័រ។ ក្នុងនាមក្រសួងកិច្ចការនារី ក៏ដូចជាក្រសួងដទៃទៀតជាសេនាធិការ របស់រាជ រដ្ឋាភិបាលកម្ពុជានឹងខិតខំស្រាវជ្រាវមើលថា តើហេតុអ្វី អ្វីដែលយើងបានធ្វើកន្លង មក ឥទ្ធិពលមិនបានកាត់បន្ថយ ហើយពេលណាយើងសិក្សាចប់ យើងនឹងរៀបចំយុទ្ធសាស្ត្រ និង មធ្យាបាយ ដើម្បីឆ្លើយតបឱ្យស៊ីចង្វាក់ជាមួយនឹងបញ្ហាប្រឈម និងដើម្បីកែលម្អឱ្យមាន ប្រសិទ្ធភាព។
តាមការលើកឡើងរបស់លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ៊ឹង កន្ថាផាវី បានបង្ហាញថា យោងទៅតាមការស្រាវជ្រាវបីធំ ដែលយើងបានធ្វើក្នុងឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន ឃើញថាអំពើហិង្សាក្នុងគ្រួសារមានទំនោថយចុះ ក៏ប៉ុន្តែចំពោះប្រភេទហិង្សាផ្នែកផ្លូវភេទ (ការបៀតបៀនផ្លូវភេទ) ហាក់ដូចជាមិនមានទំនោរថយចុះទេ ដែលនេះជាកង្វល់ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខ លោកតែងតែគិតគូរ ពីផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់សុខុមាលភាពជូន ប្រជាពលរដ្ឋ កាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋ ក៏ដូចជាកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ៕
ដោយ ប៉ាល់ សុង