លោកឧកញ៉ា សៀ ឫទ្ធី ក្លាយជាប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា អាណត្តិថ្មី ឆ្នាំ២០១៨-ឆ្នាំ២០២២
AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ -- លោកឧកញ៉ា សៀ ឫទ្ធី បានក្លាយជាប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា សម្រាប់ អាណត្តិថ្មី ទី៦ ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ តាមរយៈមហាសន្និបាតរបស់ខ្លួន កាលពីព្រឹកថ្ងៃអង្គារទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ជំនួសដំណែងឯកឧត្តមទេសរដ្ឋមន្រ្ដី ចម ប្រសិទ្ធ ប្រធានសហព័ន្ធអាណត្តិចាស់ ដែលឯកឧត្តមទេសរដ្ឋមន្រ្ដី ចម ប្រសិទ្ធ មកធ្វើជាប្រធានកិត្តិយសសហព័ន្ធ អាណត្តិថ្មីនេះវិញ។
លោកឧកញ៉ា សៀ ឫទ្ធី បានសន្យាឧបត្ថម្ភថវិកាចំនួន១០០លានរៀលក្នុង១ឆ្នាំៗ ដើម្បីអភិវឌ្ឍន៍វិស័យ កីឡាមួយនេះឱ្យកាន់តែរីកចម្រើន និងមានគោលដៅប្រជែងមេដាយលើឆាកអន្តរជាតិយកជូនប្រទេសជាតិ។ ក្នុងអាណត្តិទី៦ថ្មីនេះ លោកឧកញ៉ាបានតាំងចិត្តធ្វើការ កែប្រែអភិវឌ្ឍន៍កីឡាវាយកូនបាល់កម្ពុជាឱ្យកាន់តែប្រសើរឡើង មិនត្រឹមតែប៉ុណ្ណោះនិងជំរុញ ឱ្យកីឡាវាយកូនបាល់ឈានទៅប្រជែងស្មើមុខស្មើមាត់នឹងប្រទេសជិតខាង និងបណ្តាប្រទេស នានាក្នុងតំបន់។ បន្ថែមលើសការពង្រឹងអភិវឌ្ឍន៍ វិស័យកីឡាវាយកូនបាល់ លោក ឧកញ៉ាក៏បានប្រកាសថា នឹងផ្តល់ប្រាក់ឧបត្ថម្ភដល់សហព័ន្ធចំនួន ១០០លានរៀល ក្នុង១ឆ្នាំៗ ដើម្បីឱ្យសហព័ន្ធជាតិ មួយនេះកាន់តែមានលទ្ធភាពរៀបចំព្រឹត្តិការណ៍ប្រកួតបានកាន់តែ ច្រើន ក្នុងការពន្លឿនសមត្ថភាពកីឡាករ កីឡាការិនីត្រៀមប្រកួតដោយគុណភាពនៅលើឆាក អន្តរជាតិ ពិសេសគឺស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្តង។

គួរបញ្ជាក់ថា មហាសន្និបាតអាណត្តិទី៦នេះ លោកឧកញ៉ា សៀ ឫទ្ធី ជាប់ជាប្រធាន សហព័ន្ធ, លោក ជំទាវ អ៊ុំ សុខា អនុប្រធានសហព័ន្ធ, លោក ទេព រិទ្ធីវិទ្ធ ជាអគ្គលេខាធិការ, លោក ជា ពៅ អគ្គលេខាធិការរង, កញ្ញា ឯក ប៊ុនលក្ខិណា អគ្គហិរញ្ញិក, លោក ឈៀង សុវណ្ណ អគ្គហិរញ្ញិករង និង៤រូបទៀតមានលោក ម៉ប ផល្គុន ឡុង ជំនិត លន់ ពិទូ និង តាន់ រ៉ាន់ ជាសមាជិក៕

ដោយ ហេង ណាលីន






