ការប្រកួតជើងឯកថ្នាក់ជាតិកីឡាចំបាប់ឆ្នាំ២០១៨ ទាក់ទាញបានកីឡាករ-កីឡាការិនីជាង១០០នាក់ មកពី៨ក្លិប
AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ -- ការប្រកួតកីឡាចំបាប់បុរាណ-សម័យ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨ បានចាប់ផ្ដើម ដំណើរការហើយ ដែលរៀបចំដោយសហព័ន្ធកីឡាចំបាប់កម្ពុជា និងមានកីឡាករ-កីឡាការិនី ចូលរួមចំនួន១១៩នាក់មកពី៨ក្លិប នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ។

អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា លោក ធិន វិចិត្រ បានឱ្យដឹងថា ក្នុងចំណោម ចំនួន១១៩ នាក់ គឺមានកីឡាការិនី២០នាក់ មកពី៨ក្លិប ដូចជាក្លិបក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, យាយព្រីងមានរិទ្ធិ, រិទ្ធីសែនខេត្តកំពង់ឆ្នាំង, ឃ្លាំងមឿងខេត្ត ពោធិ៍សាត់, ខេត្តព្រៃវែង, បារមីម៉ឺនឯក និងក្លិប ប្រយ៉ាបមានរិទ្ធិ។ ចំពោះវិញ្ញាសាដែលដាក់ឱ្យ ប្រកួតមានចំបាប់សម័យនារីលើទម្ងន់៥៣គីឡូក្រាម និងទម្ងន់សេរី ដែល ប្រកួតទាំងចំបាប់ បុរាណ បុរស-នារី, ចំបាប់សម័យសេរី បុរស-នារី និងចំបាប់ក្រិចកូរ៉ូម៉ាំងបុរស និងវិញ្ញាសា មួយចំនួនទៀត សរុប១៨វិញ្ញាសា។

អគ្គលេខធិការរូបនេះបញ្ជាក់ថា ការប្រកួតថ្នាក់ជាតិឆ្នាំនេះត្រូវចំណាយអស់៦០លានរៀល ប៉ុន្តែកញ្ចប់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡាទម្លាក់ត្រឹមតែ៣៦លានរៀល ដូច្នេះការ ចំណាយបន្ថែមរៀងរាល់ឆ្នាំបានមកពីលោក Casey Barnett ដែលជាអនុប្រធានសហព័ន្ធជា អ្នកជួយឧបត្ថម្ភជ្រោមជ្រែង។ ជាមួយគ្នានេះ ក្រុមហ៊ុនខ្មែរប៊ែវើរីជីស តាមរយៈលោក Michael Sovann ក៏បានឧបត្ថម្ភភេសជ្ជៈចំនួន៦០កេស និងទឹកបរិសុទ្ធចំនួន ១០កេសដល់ការប្រកួតថ្នាក់ជាតិនៅឆ្នាំនេះផងដែរ៕
ដោយ ហេង ណាលីន






