កម្ពុជាបង្ហាញ និងផ្សាយផ្សាយពីកីឡាប្រពីណៃអុំទូក និងប្រដាល់គុនខ្មែរជូនដល់បណ្តា ប្រទេសអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ -- ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញ បើកសិក្ខា សាលាស្តីពីការប្រណាំងទូកប្រពៃណី និងគុនខ្មែរ ដោយមានការចូលរួមប្រទេសតំបន់អាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន រយៈពេលពីរថ្ងៃ គឺថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគា ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា ដើម្បីជំរុញដល់ការអភិឌ្ឍលើអនុវិស័យ កីឡា និងអភិរក្សកីឡា ប្រពៃណីឱ្យបានគង់វង្ស ក្រសួងអប់រំ យុវជន និងកីឡាបានដាក់បញ្ចូល កីឡាប្រពៃណីរបស់ខ្លួនទៅក្នុងផែនការកីឡាអាស៊ានរយៈពេល៥ឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ក្នុងនោះមានការប្រណាំងទូកប្រពៃណី និងប្រដាល់គុនខ្មែរ។ ផ្អែកលើស្មារតីអង្គប្រជុំថ្នាក់រដ្ឋ មន្ត្រីកីឡាអាស៊ាន កាលពីឆ្នាំ២០១៧ នៅប្រទេសមីយ៉ាន់ម៉ា គឺបណ្តា ប្រទេសនីមួយៗ ត្រូវអភិរក្ស និងផ្សព្វផ្សាយពីកីឡាប្រពៃណីរបស់ខ្លួនដល់ប្រទេសសមាជិកផ្សេងៗទៀត។
ឯកឧត្តមរដ្ឋលេខាធិកាបន្តថា អនុវត្តន៍ផែនការកីឡាទាំងពីរ និងដើម្បីផ្សព្វផ្សាយចែករម្លែក អំពីកីឡាប្រពៃណីដល់សមាជិកអាស៊ាននានា ក្រសួងបានអញ្ជើញតំណាងប្រទេសអាស៊ាន ព្រមទំាងប្រទេសជប៉ុនចូលរួមសិក្ខាសាលា ស្តីពីការប្រណាំងទូកប្រពៃណី និងគុនខ្មែរ ដើម្បី ឱ្យប្រទេសអាស៊ានចូលរួមបានឈ្វេងយល់ និងវាយតម្លៃដល់ការប្រណាំងទូកប្រពៃណី និងគុនខ្មែរ។

ឯកឧត្តមបានបន្ថែមទៀតថា ក្រៅពីការផ្សព្វផ្សាយរូបភាពកីឡា ក្រសួងអប់រំ យុវជន និងកីឡា មានគោលបំណងផ្សព្វផ្សាយឱ្យអាស៊ានទំាងមូលបានយល់ដឹងបន្ថែមពីការប្រារព្ធ ពិធីនេះ ដែលមានប្រវត្តិទាក់ទងទៅនឹងជ័យជម្នះនៃកងទ័ពជើងទឹកម្ពុជានៅសម័យអង្គរ ផង ដែរ។ ចំពោះការប្រណាំងទូក ក្រសួងអប់រំជ្រើសយកពេលវេលានេះ គឺចង់ឱ្យប្រទេស អាស៊ានមើលឃើញទិដ្ឋភាពជាក់ស្តែង និងប្រជាប្រិយភាពនៃការប្រណាំងទូកនៅកម្ពុជា។
ជាមួយគ្នានេះដែរ ក្នុងឋានៈជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣នោះ គឺកម្ពុជាគ្រោងដាក់បញ្ចូលប្រភេទកីឡាប្រពៃណី គឺកីឡាប្រណាំងទូក និងប្រដាល់គុនខ្មែរ ដែលយើងត្រូវកៀរគរឱ្យបាន៣ ទៅ៤ប្រទេសចូលរួម និងកីឡាករចាប់ពី១៥នាក់ឡើងទៅ ដើម្បីប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ដ៏ធំថ្នាក់តំបន់អាស៊ីអាគ្នេយ៍នេះ។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ទៀតថា “យើងចង់បង្ហាញពីល្បែងប្រពៃណីរបស់កម្ពុជា ដួចជាកីឡាគុនខ្មែរ និងអុំទូក ហើយអុំទូកនេះ គឺជាពិធីបុណ្យប្រពៃណីជាតិដែល ប្រជា ពលរដ្ឋខ្មែរមិនអាចបំភ្លេចបាន។ ទន្ទឹមនេះ សម្រាប់ប្រភេទកីឡាគុនខ្មែរកំពុងតែមាន ការរីក ចម្រើននៅទូទាំងតំបន់អាស៊ីយើងនេះ ហើយពួកកំពុងហ្វឹកហាត់ ត្រៀមខ្លួនប្រជែង មេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ។”
សូមបញ្ចាក់ថា សិក្ខាសាលាបណ្តុះបណ្តាលផ្សព្វផ្សាយការប្រណាំងទូក និងប្រដាល់ គុនខ្មែរនេះ ក្រៅពីម្ចាស់ផ្ទះកម្ពុជា គឺមានតំណាងប្រទេសចំនួន៣ផ្សេងទៀត ដូចជាប្រទេស ថៃ, ហ្វីលីពី និងប្រទេសសិង្ហបុរីជាដើម៕
ដោយ ហេង ណាលីន






