ក្រុមជម្រើសជាតិកម្ពុជាឈ្នះជម្រើសជាតិឡាវ ៣-១វគ្គជម្រុះពូល A ព្រឹត្តិការណ៍ AFF Suzuki Cup ២០១៨
AKP ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ -- ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានស្គាល់ជ័យជម្នះ ដោយរកបាន៣ពិន្ទុជាលើកដំបូង បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិឡាវ ដោយលទ្ធផលបច្ចេកទេស ៣-១ នៅពហុកីឡដ្ឋាន ជាតិអូឡាំពិក កាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃវគ្គសន្សំពិន្ទុក្នុងពូលA ពានរង្វាន់ AFF Suzuki Cup 2018។

ក្រោមការដឹកនាំដោយផ្ទល់របស់លោក Honda ក្រុមជម្រើសជាតិកម្ពុជាលេងបានយ៉ាងល្អ ដោយបានដាក់សម្ពាធលើគូប្រកួតយ៉ាងច្រើន ដោយនៅវគ្គទី១ កម្ពុជាបានបើការនាំមុខលើ ក្រុមឡាវ ២គ្រាប់ ដែលធ្វើសម្រេច ដោយកីឡាករ ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម។ ចូល ដល់វគ្គទី២ ក្រុមឡាវ វាយបកបាន១គ្រាប់វិញ នៅនាទី៧៦ ប៉ុន្តែត្រូវបានកីឡាករ កែវ សុខផេង ធ្វើសម្រេចបាន១គ្រាប់បន្ថែម នៅនាទី៧៧ ដែលលទ្ធផលនេះ រក្សាបានរហូត ដល់បញ្ចប់ការប្រកួតពេញម៉ោង ៩០នាទីតែម្តង។

ជាមួយនឹងជ័យជម្នះនេះធ្វើឱ្យក្រុមកម្ពុជារកបាន៣ពិន្ទុដំបូងនេះនៅក្នុងពូលA ដោយ៣ប្រកួត ឈ្នះ១ និងចាញ់២ តែលទ្ធផលនេះបានធ្វើឱ្យកម្ពុជាបាត់បង់ឱកាសឡើងទៅប្រជែង កៅអី នៅវគ្គបន្ដហើយ បន្ទាប់ពីវៀតណាម និងមីយ៉ាន់ម៉ា ប្រកួតស្មើគ្នា ០-០ កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកានេះដែរ ដែលធ្វើឱ្យក្រុមទាំងពីរ ឈរលំដាប់កំពូលតារាងមាន៧ពិន្ទុស្មើគ្នា។ ចំពោះ ការប្រកួតបង្គ្រប់កិច្ចចុងក្រោយរបស់កម្ពុជា គឺត្រូវជួបវៀតណាម នាថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខ នៅទីក្រុងហាណូយ ប្រទេសវៀតណាម រីឯក្រុមឡាវក៏បានធ្លាក់ចេញត្រឹមវគ្គជម្រុះដូចគ្នា ផងដែរ៕

ដោយ ហេង ណាលីន






