ព្រឹត្តិការណ៍ប្រណាំងម៉ូតូ Enduro Cross Cambodia ចាប់ផ្តើមទទួលចុះឈ្មោះកីឡាករ ចាប់ពីពេលនេះតទៅ
AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ -- ព្រឹត្តិការណ៍កីឡាប្រណាំងម៉ូតូ Enduro Cross Cambodia គ្រោងនឹងចាប់ផ្តើមនាថ្ងៃទី១៥ -១៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីលានតំបន់ភ្នំប្រសិទ្ធ ក្រោមការឧបត្ថមម្ភពីប្រេងរំអិល LIQUI MOLY ដោយគណៈគណៈបច្ចេកទេសបានប្រកាសការទទួលពាក្យចុះឈ្មោះចូលរួមប្រកួតចាប់ពេល នេះតទៅ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្នាក់ការក្រុមហ៊ុន លីឃ្វីម៉ូលីកម្ពុជា លោក ឃួន ពិឡុត អ្នករៀបចំការប្រកួត Enduro Cross Cambodia គូសបញ្ជាក់ថា ការប្រកួតនេះចែកចេញជា៣កម្រិត គឺClass A, Class B និងClass C ដែលតម្រូវឱ្យកីឡាករគ្រប់កម្រិតទាំងអស់ត្រូវបង់សិទ្ធិការប្រកួតក្នុងម្នាក់ ចំនួន ៣០ដល្លារអាម៉េរិក ដែលតម្លៃនេះ គឺមានជូនអាវប្រណាំងកម្រិតអាជីព១ និងប្រេងរំអិល LIQUI MOLY១កំប៉ុងដោយឥតគិតថ្លៃ។ លោកបានសម្តែងការដឹងគុណចំពោះក្រុមហ៊ុន លីឃ្វីម៉ូលី កម្ពុជា ដែលបានជួយឧបត្ថម្ភរៀបចំដល់ការអភិវឌ្ឍវិស័យកីឡាជំនាញមួយនេះ ឱ្យកាន់តែល្អ ប្រសើរ។

លោក ចាន់ សុឃាំង អគ្គនាយកក្រុមហ៊ុន លីឃ្វីម៉ូលីកម្ពុជាបានបង្ហាញនូវឆន្ទៈរបស់ ខ្លួនក្នុងការគាំទ្រ និងបន្តជួយឧបត្ថម្ភព្រឹត្តិការណ៍នេះជាបន្តទៀត ដើម្បីរួមចំណែកកសាង ធនធានកីឡាករឱ្យកាន់តែសម្បូរបែប និងអភិវឌ្ឍន៍វិស័យកីឡាប្រណាំងម៉ូតូនេះ ឱ្យកាន់តែរីក ចម្រើនបន្ថែមទៀតសម្រាប់កម្ពុជា។ អគ្គនាយករូបនេះអះអាងទៀតថា តាមរយៈព្រឹត្តិ ការណ៍នេះ នឹងក្លាយជាប្រយោជន៍ដ៏សំខាន់ក្នុងការអភិវឌ្ឍកម្រិតសមត្ថភាពទាំង កីឡាករ កម្រិតខ្ពស់ ក៏ដូចជាបណ្តុះបណ្តាលថ្នាលយុវជន កុមារនានាឱ្យចូលរួមកាន់តែច្រើន ដើម្បី សម្រេចគោលដៅនាថ្ងៃអនាគត នៅក្នុងការប្រកួតទាំងកម្រិតជាតិ និងអន្តរជាតិ នាពេលខាង មុខផងដែរ។ លោកបន្តថា សម្រាប់ការប្រកួតនេះ ក្រុមហ៊ុនប្រេងរំអិល LIQUI MOLY បើក ចិត្តទូលាយដោយអនុញ្ញាតជាគោលការណ៍ឱ្យ កីឡាករចំនួន២នាក់ មកពីក្រុមហ៊ុនប្រេង រំអិលផ្សេងៗទៀតបានចូលរួមប្រជែងសមត្ថមភាពផងដែរ៕

ដោយ ហេង ណាលីន






