ឥណ្ឌូណេស៊ីបង្កើតប្រព័ន្ធរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ -- មន្ត្រីឥណ្ឌូណេស៊ីម្នាក់បាននិយាយថា អាជ្ញាធរអន្តោប្រវេសន៍ឥណ្ឌូណេស៊ីបានបង្កើតយន្តការជាប្រព័ន្ធមួយ ដើម្បីទប់ស្កាត់ការជួញដូរមនុស្សនៅទូទាំងដំណាក់កាលសំខាន់ៗនៃការធ្វើដំណើរទៅក្រៅប្រទេសរបស់ពលរដ្ឋ។
លោក ហេនដាសេម ម៉ារេនតូកូ (Hendarsam Marantoko)អគ្គនាយកអន្តោប្រវេសន៍ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលបានថ្លែងនៅក្នុងសវនាការសភាមួយនៅទីក្រុងហ្សាកាតាកាលពីពេលថ្មីៗនេះថា យន្តការនេះគ្របដណ្តប់ទៅលើនីតិវិធីដាក់ពាក្យសុំលិខិតឆ្លងដែនមុន ការដាក់ពាក្យសុំលិខិតឆ្លងដែន ការចាកចេញនៅចំណុចត្រួតពិនិត្យអន្តោប្រវេសន៍ សេវាកម្មលិខិតឆ្លងដែននៅបរទេស និងការវិលត្រឡប់របស់ពលរដ្ឋឥណ្ឌូណេស៊ី។
លោកបាននិយាយថា វិធានការបង្ការទាំងនេះ គឺជាផ្នែកមួយនៃផែនការសកម្មភាពដើម្បីទប់ស្កាត់ការជួញដូរមនុស្ស និងកាត់បន្ថយហានិភ័យជាមួយនឹងវិធានការនានារួមមាន ការគូសផែនទីភូមិដែលងាយរងគ្រោះដោយការជួញដូរ និងការធ្វើកម្មវិធីអប់រំ និងផ្សព្វផ្សាយច្បាប់អន្តោប្រវេសន៍។
លោកបានបន្ថែមថា ការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យតាមព្រំដែនដែលមានការរួមបញ្ចូលគ្នា អាចឱ្យមានការរកឃើញបុគ្គលដែលមានហានិភ័យខ្ពស់ទាន់ពេលវេលា និងការត្រួតពិនិត្យកំណត់ត្រាធ្វើដំណើរនៅចំណុចត្រួតពិនិត្យអន្តោប្រវេសន៍៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





