ក្រុមការងារមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ បន្តចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ និងផ្លូវខេត្ត
AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤--ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ លោក សុក ចាន់ថា បានឱ្យដឹងនៅព្រឹកចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២៤នេះថា ដើម្បីធានាឱ្យមានភាពប្រសើរលើការធ្វើចរាចរ ណ៍ដឹកជញ្ជូនទៅមកនៅលើផ្លូវបានស្រួលនោះ ក្រុមការងារជំនាញផ្លូវថ្នល់ របស់មន្ទីរសាធារណការខេត្ត បាននិងកំពុងបន្តជំរុញការងារថែទាំជាប្រចាំ កំណាត់ផ្លូវជាតិ និងផ្លូវខេត្ត ។

លោកបានឱ្យដឹងថា នៅដើមសប្តាហ៍ទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះក្រុមការងារជំនាញបាននិងកំពុងចុះជួសជុលផ្លូវជាតិលេខ៥ ចាប់ពីគីឡូម៉ែត្រ៣៥៧+៩០០ ដល់គីឡូម៉ែត្រ ៣៥៨+០០០ ដោយស្រោចកៅស៊ូបាចថ្មពីរជាន់ ។ បន្តការងារជួសជុលផ្លូវខេត្តលេខ១៥៦D ចាប់ពីគីឡូម៉ែត្រ ៨+៥០០ ដល់គីឡូម៉ែត្រ ១៦+០០០ ដោយជួសជុលចិញ្ចើមផ្លូវ និងស្រោចកៅស៊ូបាចថ្មលើស្នាមប្រេះ ស្ថិតនៅស្រុកមង្គលបូរី ។ បន្តការងារជួសជុលផ្លូវខេត្តលេខ២៥៨D ចាប់ពីគីឡូម៉ែត្រម ៥+៥០០ ដល់គីឡូម៉ែត្រ ៦+០០០ ដោយថែមដីល្បាយថ្ម រួចកៀរកិនបង្ហាប់ ស្ថិតនៅក្រុងប៉ោយប៉ែត ។ បន្តការងារជួសជុលផ្លូវជាតិលេខ៥៨ ដោយជួសជុលស្រទាប់គ្រឹះឡើងវិញស្ថិតនៅស្រុកថ្មពួក និងបន្តការងារជួសជុលផ្លូវខេត្តលេខ២៦៨A ដោយអ៊ុតគំនូសចរាចរណ៍ ស្ថិតនៅស្រុកស្វាយចេក ។

លោក សុក ចាន់ថា បានឱ្យដឹងដែរថា ក្រៅពីការចុះថែទាំលើកំណាត់ផ្លូវជាតិ ផ្លូវខេត្តនេះ ក្រុមការងារក៏បានធ្វើការជួសជុលលើផ្លូវមួយចំនួនផ្សេងទៀត ដែលរងការខូចក្លាយជាជង្ហុកស្បុកមាន់ ក៏ត្រូវបានចុះអនុវត្តន៍ធ្វើជាប្រចាំ ដើម្បីឱ្យមានភាពល្អប្រសើរ ធ្វើយ៉ាងណាជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងការដឹកជញ្ជូនទំនិញឆ្លងកាត់ បានចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបង្កើននូវសោភណភាពតាមដងផ្លូវផងដែរ ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏បានអំពាវនាវទៅកាន់អ្នកធ្វើដំណើរតាមផ្លូវទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតនោះ ៕

ដោយឈុន សារ៉ាត





