ឯកឧត្តម ឈុំ សុជាត ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំអនុរដ្ឋមន្រ្តីការពារជាតិកូរ៉េ-អាស៊ាន
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២--តាមប្រភពព័ត៌មានក្រសួងការពារជាតិ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម ស៊ីន ប៊ឺមជុល អនុរដ្ឋមន្រ្តីនៃក្រសួងការពារជាតិ សាធារណរដ្ឋកូរ៉េ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការក្រសួងការពារជាតិ បាន ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំអនុរដ្ឋមន្រ្តីការពារជាតិកូរ៉េ-អាស៊ាន នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២២ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។

កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ស៊ីន ប៊ឺមជុល អនុរដ្ឋមន្រ្តីនៃក្រសួងការពារជាតិ សាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីបណ្តាអនុរដ្ឋមន្រ្តីការពារជាតិ អាស៊ាន និងអ្នក តំណាងនៃបណ្តាប្រទេសជាសមាជិអាស៊ានចំនួន៩ (ដោយមិនមានវត្តមានរបស់ មីយ៉ាន់ ម៉ា) ។
នៅក្នុងកិច្ចប្រជុំអនុរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងសាធារណរដ្ឋកូរ៉េ បានផ្លាស់ប្តូរ យោបល់លើបញ្ហាសន្តិសុខថ្មីៗនៅក្នុងតំបន់ និងសកលលោក ក៏ដូចជាផ្លាស់ប្តូរនូវគំនិត និងវិស័យ នៃកិច្ចសហប្រតិបត្តិការ ការពារជាតិថ្មីៗ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិ បត្តិការ ការពារជាតិអាស៊ាន-កូរ៉េ ឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ឯកឧត្តម ស៊ីន ប៊ឺមជុល ក៏បានធ្វើបទបង្ហាញស្តីពី ផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការ ការពារជាតិសាធារណរដ្ឋកូរ៉េ-អាស៊ាន ដែលផ្តោតលើគោលការណ៍ចម្បង ចំនួនបី គឺ៖ សេរីភាព សន្តិភាព និង វិបុលភាព។ ផែនការសកម្មភាពនេះគឺជាគោលការណ៍ អនុវត្តន៍របស់ក្រសួងការពារជាតិសាធារណរដ្ឋកូរ៉េ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយ អាស៊ាន ក៏ដូចជាមួយរដ្ឋជាសមាជិកអាស៊ាននីមួយៗលើវិស័យដូចជា៖ ការបណ្តុះបណ្តាលធនធានមនុស្ស, ការបង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ស្រទាប់ រវាងយោធា និងយោធា,ការពង្រឹងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សមត្ថភាពលើវិស័យ ទាំង៧ ក្នុងក្របខ័ណ្ឌក្រុមការងារជំនាញរបស់ ADMM-Plus ។
ឯកឧត្តម អនុរដ្ឋមន្រ្តីការពារជាតិសាធារណរដ្ឋកូរ៉េ ក៏បានលើកឡើងផងដែរ អំពីគោល បំណងរបស់សាធារណរដ្ឋកូរ៉េ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន លើវិស័យសន្តិសុខ គីមីសាស្រ្ត ជីវសាស្រ្ត និងវិទ្យុសកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យ ឧស្សាហកម្មយោធា ភ័ស្តុភារ និងបច្ចេកវិទ្យា ។
ក្នុងឱកាសនោះ ឯកឧត្តម ឈុំ សុជាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែង សុន្ទរកថា ផ្លាស់ប្តូរទស្សនៈ ដោយបានវាយតម្លៃខ្ពស់ និងគាំទ្រចំពោះគោលនយោបាយ ប្រកបដោយការស្ថាបនារបស់សាធារណរដ្ឋកូរ៉េ ជាពិសេសផែនការសកម្មភាពសម្រាប់ កិច្ចសហប្រតិបត្តិការ ការពារជាតិសាធារណរដ្ឋកូរ៉េ- អាស៊ាន ។ ឯកឧត្តម បានកោត សរសើរចំពោះសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមយ៉ាងសកម្មលើគ្រប់វិស័យ ក្នុងក្រុមការ ងារជំនាញ ADMM- បូក ចាប់តាំងពីឆ្នាំ២០១១ ។ ក្នុងនោះសាធារណរដ្ឋកូរ៉េ បានចូលរួម ធ្វើជាសហប្រធានក្រុមការងារជំនាញ ADMM-បូក ស្តីពីប្រតិបត្តិការ រក្សាសន្តិភាពជាមួយ កម្ពុជា ពីឆ្នាំ២០១៤-២០១៧ ផងដែរ ។
ឯកឧត្តមប្រធានប្រតិភូកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះការគោរពមជ្ឈភាពអាស៊ាន និងការចូលរួមលើកស្ទួយគ្រប់យន្តការ ដែលដឹកនាំដោយអាស៊ាន ជាពិសេសការគាំទ្រ របស់សាធារណរដ្ឋកូរ៉េ ចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងការធ្វើជាម្ចាស់ផ្ទះ នៃ កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នេះ ។
ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបាន ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយអាស៊ាន និងដៃគូសន្ទនាអាស៊ាន ជាពិសេស សាធារណរដ្ឋកូរ៉េ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និង សន្តិសុខ ដើម្បី សម្រេចបាននូវសន្តិភាព ស្ថិរភាព និងកា អភិវឌ្ឍក្នុងតំបន់ ប្រកបដោយនិរន្តរភាព ។
កិច្ចប្រជុំអនុរដ្ឋមន្រ្តីការពារជាតិកូរ៉េ-អាស៊ាន ឆ្នាំ២០២២នេះ បានបញ្ចប់ទៅដោយ ទទួលបានលទ្ធផលល្អប្រសើរ តាមរយៈកិច្ចពិភាក្សាប្រកបដោយភាពស្មោះត្រង់ និងការ យោគយល់គ្នាខ្ពស់ ៕
ដោ យសំ សាម៉ន





