គណៈប្រតិភូកងទ័ពជើងទឹករំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសមជាមួយរដ្ឋបាលខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ -- នារសៀលថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីនាវាកងទ័ពជើងទឹករំដោះប្រជាជនចិន ៣គ្រឿង ចូល ចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុរួចមក គណៈប្រតិភូនាវាបានចូលជួបសម្តែងការគួរសម ជាមួយនឹងថ្នាក់ដឹកនាំខេត្តព្រះសីហនុនៅសាលាខេត្តព្រះសីហនុ។
លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានទទួលស្វាគមន៍ គណៈប្រតិភូកងទ័ពជើងទឹករំដោះប្រជាជនចិន ដែលបានមកធ្វើទស្សនកិច្ចនៅព្រះរាជា ណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ព្រមទាំងបានជម្រាបជូនពីសក្តានុពលរបស់ខេត្ត មានផ្លូវគមនាគមន៍៤ ក្នុងនោះមាន ផ្លូវដែក ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក កំពង់ផែក្រុងព្រះសីហនុ មានវិសាលភាពក្នុងការដឹកជញ្ជូនកុងតឺន័រឆ្លងកាត់ជាង ៧០ភាគរយ ទៅកាន់តំបន់អាស៊ាន និងអឺរ៉ុប ខេត្តមានព្រលានយន្តហោះអន្តរជាតិ កំពុងបម្រើសេវាកម្មយ៉ាងមមាញឹកក្នុងមួយសប្ដាហ៍មានជើងយន្តហោះប្រមាណជា ៨៣ជើង។ ខេត្តព្រះសីហនុ ជាខេត្តមួយក្នុងចំណោមខេត្តទាំង៣ នៃព្រះរាជាណាចក្រកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចគំរូពហុបំណងធំជាងគេ នៃព្រះរាជាណាចក្រកម្ពុជា ខេត្តមានឆ្នេរសមុទ្រសរស្អាត ជាប់ចំណាត់ថ្នាក់ជាសមាជិកក្លឹបឆ្នេរស្អាតលើពិភពលោក។ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេស ចំនួន៤ មានរោងចក្រប្រមាណជាង១៦០ នឹងមានកំណើនភ្ញៀវទេសចរប្រមាណជា ១០ភាគ រយ ក្នុងមួយឆ្នាំ នៅឆ្នាំ២០១៨កន្លងមក ខេត្តព្រះសីហនុទទួលភ្ញៀវទេសចរជាង ២លាននាក់ ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបានវិនិយោគិនចិនយ៉ាងច្រើន ដែលបាន មកបណ្ដាក់ទុនរកស៊ីនៅខេត្តព្រះសីហនុ ។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុបានចងសម្ព័ន្ធមេត្រីភាពជា មួយបណ្ដាខេត្ត១៦ នៃប្រទេសចិន ធ្វើឱ្យ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់ តែល្អប្រសើរ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងប្រជាជនខេត្តព្រះសីហនុ សូមថ្លែង អំណរគុណដល់ថ្នាក់ដឹកនាំចិន បានបញ្ជូនអ្នកវិនិយោគមកធ្វើការវិនិយោគ នៅខេត្តព្រះសីហនុ តាមរយៈនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពជើងទឹកចិន នៅខេត្តព្រះសីហនុ សូមជួយផ្សព្វផ្សាយឱ្យអ្នកវិនិយោគចិន មកវិនិយោគក្នុងខេត្តព្រះ សីហនុបន្ថែមទៀត។
លោកឧត្តមនាវីទោ XU HAIHUA នាយសេនាធិការរង នៃកងនាវាសមុទ្រខាងជើង បានថ្លែងអំណរគុណរដ្ឋបាលខេត្ត និងប្រជាជនខេត្តព្រះសីហនុ បានទទួលស្វាគមន៍នៃការចូលចតរបស់នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនទាំង ០៣គ្រឿង ដំណើរទស្សនកិច្ចនាពេលនេះ បង្ហាញពីចំណងសាមគ្គីភាពមិត្តភាពកាន់ តែស៊ីជម្រៅរវាងរដ្ឋាភិបាលចិន និងកម្ពុជា។ ក្រុមនាវារបស់លោកបានចាកចេញពីប្រទេសចិន កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ត្រូវបានបញ្ចប់បេសកកម្ម ចូលចតធ្វើទស្សនកិច្ចនៅកម្ពុជា និងមានគម្រោងទៅទស្សនកិច្ចប្រទេសហ្វីលីពីនបន្ត។ នេះជាលើកទី១ ដែលរូបលោក ក៏ដូចជាគណៈប្រតិភូបានមកដល់ប្រទេសកម្ពុជា ហើយប្រទេសកម្ពុជា ហាក់បីដូចជាស្រុកកំណើតរបស់ពួកលោកផងដែរ។ ដោយមានកិច្ចសហប្រតិបត្តិការ រវាងប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីងពីង និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគាំទ្រប្រទេសចិនតែមួយ ធ្វើឱ្យទំនាក់ទំនងប្រទេសទាំង២ មានការរីកចម្រើន នាំមកនូវផលប្រយោជន៍ ជូនប្រជាជននៃប្រទេសទាំងពីរ ក្នុងការផ្លាស់ប្ដូរទស្សនកិច្ច។
លោកបន្តថា ការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តប្រទេសចិន និងខេត្តព្រះសីហនុ បង្កឱកាសឱ្យប្រទេសទាំងពីរបានដកបទពិសោធន៍ បង្កើនការងារជូនប្រជាពល រដ្ឋ និងជំរុញគោលនយោបាយផ្លូវមួយខ្សែក្រវាត់មួយរបស់ប្រធានាធិបតីចិន ដែលមាន អ្នកវិនិយោគចិនមកកម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុ រួមចំណែកដល់ការ អភិវឌ្ឍមានសន្ទុះលឿន ជាងបណ្តាខេត្តផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ។
ក្នុងដំណើរទស្សនកិច្ចរបស់គណប្រតិភូនាវាកងទ័ពជើងទឹករំដោះប្រជាជនចិន នៅខេត្តព្រះសីហនុ គណៈប្រតិភូសម្តែងការគួរសមជាមួយរដ្ឋបាលខេត្តព្រះសីហនុ សំណេះសំណាលជាមួយសិស្សានុសិស្សសាលាចិនខេត្តព្រះសីហនុ ចូលជួបសម្តែងការ គួរសមជាមួយមេបញ្ជាការមូលដ្ឋានសមុទ្រ ចូលជួបសម្តែងការគួរសម ជាមួយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជួបសម្ដែងការគួរសមជាមួយមេបញ្ជា ការកងទ័ពជើងទឹកកម្ពុជា និងទស្សនកិច្ចព្រះបរមរាជវាំង វត្តភ្នំ និងក៏មានកម្មវិធីប្រកួតកីឡាមិត្តភាពរវាង កងទ័ពជើងទឹកនៃប្រទេសទាំងពីរផងដែរ៕
ដោយ ងូ សុមុនី