ប្រជាពលរដ្ឋក្រុងសៀមរាបសប្បាយចិត្តនៅពេលដែលអាជ្ញាធរបានចាប់ផ្តើមជួសជុល និងពង្រីកផ្លូវ៣០ម៉ែត្រឱ្យមានភាពទូលំទូលាយ
AKP សៀមរាប ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ -- អាជ្ញាធរខេត្តសៀមរាបបានចាប់ផ្តើមធ្វើការជួសជុល និងពង្រីកផ្លូវ៣០ម៉ែត្រឱ្យមានភាពទូលំលាយជាងមុន ដើម្បីធ្វើប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ បន្ទាប់ពីផ្លូវនេះកន្លងមកមានការរងការខូចខាត ហើយការជួសជុល និងពង្រីកផ្លូវ៣០ម៉ែត្របានធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះមានការសប្បាយចិត្តយ៉ាងខ្លាំង។
ផ្លូវ៣០ម៉ែត្រ គឺជាផ្លូវមួយដ៏សំខាន់សម្រាប់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ប៉ុន្តែកន្លងមកនេះ ផ្លូវមួយនេះបានរងការខូចខាត និងតូចចង្អៀត ពិបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ បច្ចុប្បន្ននេះអាជ្ញាធរខេត្តសៀមរាបបានចាប់ផ្តើមធ្វើការជួសជុល និងពង្រីកផ្លូវ៣០ម៉ែត្រឱ្យមានភាពទូលំលាយជាងមុន។
លោកស្រី សុវណ្ណារី ជាប្រជាពលរដ្ឋម្នាក់រស់នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រស្ថិត នៅភូមិត្រពាំងសេះ សង្កាត់ គោចក ក្រុងសៀមរាប បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី ០៩ខែមករា ឆ្នាំ២០១៩នេះថា លោកស្រីមានការសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញអាជ្ញាធរជួសជុល និងពង្រីកផ្លូវ៣០ម៉ែត្រនេះឱ្យធំទូលាយជាងមុនព្រោះថា កន្លងមកប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះ គឺមានការលំបាកខ្លាំងណាស់ទី១ផ្លូវខូច ទី២ទ្រូងផ្លូវធំពេកធ្វើឱ្យផ្លូវ សងខាងតូចចង្អៀតពិបាកក្នុងការធ្វើដំណើរ។
លោក សោម សមស័ក្ក នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់ផ្លូវ៣០ម៉ែត្រនេះអាជ្ញាធរខេត្តសៀមរាប ធ្វើការជួសជុលឡើងវិញដោយធ្វើប្រព័ន្ធលូបង្ហាទឹកសងខាងផ្លូវ ដើម្បីរំដោះទឹកកុំឱ្យលិចផ្លូវនារដូវវស្សា បង្រួមខឿនទូ្រង ផ្លូវឱ្យនៅតូច ដើម្បីឱ្យផ្លូវសងខាងធំទូលាយងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការចាត់ក្រាលកៅស៊ូថ្មី នៅលើកផ្លូវនេះ។ លោកបានបញ្ជាក់ថា បើតាមផែនការផ្លូវនេះ និងធ្វើឱ្យរួចរាល់នៅក្នុងរយៈពេល១ខែកន្លះឬយ៉ាងយូរ២ខែទៀត៕
ដោយ ឃុត សៅ