ឯកឧត្តម ពេជ្រ ប៊ុនធិន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសាលាមតេ្តយ្យ សិក្សាសហគមន៍មួយខ្នងក្នុងឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ
AKP ក្រចេះ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ -- ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុម ការងារថ្នាក់កណ្ដាលចុះជួយខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាមតេ្យយ្យសាលាសហគមន៍ ០១ខ្នងមាន ២បន្ទប់ស្ថិតក្នុងឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីរសៀលថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ។
អគារមតេ្តយ្យសិក្សាសហគមន៍១ខ្នង ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅពេលនេះ ជាអគារមួយជាន់ផ្ទាល់ដីធ្វើពីថ្មប្រក់ស័ង្កសី ជាអំណោយរបស់ឯកឧត្ដម ពេជ្រ វិជ្ជាគន្ធី អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកចិត្របុរី ក្រុមការងារ និងសប្បុរសជន ដែលមានតម្លៃជាង ២៨លានរៀល។
លោក ហង់ ចាន់ឌី អភិបាលស្រុកចិត្របុរី បានឱ្យដឹងថា ដោយមើលឃើញពី ការលំបាករបស់លោកគ្រូអ្នកគ្រូ ចំពោះចំនួនសិស្សចូល រៀនមានការកើនឡើង ហើយទីកន្លែង ឬថ្នាក់ រៀនមិនគ្រប់ក្នុងការបង្រៀន ពោលគឺ គ្មានថ្នាក់សម្រាប់បង្រៀនផ្ទាល់ ទើបអាជ្ញាធរស្រុកឃុំ រួមនិងក្រុមការងារថ្នាក់កណ្តាល បានធ្វើការគៀងគរប្រមែប្រមូល នូវធនធាន សម្ភារ និងថវិកាពីសប្បុរសជន សម្រេចបានជាអគារសិក្សាថ្មី០១ ខ្នង ២បន្ទប់នេះ ដើម្បីសម្រួលដល់ការបង្រៀនរបស់លោកគ្រូអ្នកគ្រូ និងការរៀនរបស់ក្មួយៗ សិស្សានុសិស្សកម្រិតមតេយ្យសិក្សា។
ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខ ងារសាធារណៈប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយខេត្តក្រចេះបានបញ្ជាក់ថា អគារសិក្សា ០១ខ្នង០២បន្ទប់នេះ ពិតជាមានសារៈប្រយោជន៍ និងជាចំណងដៃឆ្នាំថ្មី ២០១៩ ក៏ដូចជាការអបអរសាទរ ដល់ខួបលើកទី៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧មករា (១៩៧៩-២០១៩) និងដើម្បីអបអរសាទរចំពោះប្រទេសជាតិយើងត្រូវបានបញ្ចប់សង្គ្រាមរ៉ាំ រ៉ៃក្រោមនយោបាយ ឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យគ្រប់ភាគីខ្មែរដែលធ្លាប់មានជម្លោះនឹងគ្នា បានជួបជុំជាខ្មែរតែមួយ និងបានធ្វើការអភិវឌ្ឍប្រទេសរីកចម្រើនលើគ្រប់ វិស័យឥតឈប់ឈរ ក្នុងរយៈពេលដ៏ខ្លី។ អគារសិក្សាថ្មីមួយនេះ សរបញ្ជាក់ពីការរីកចម្រើនក្នុងវិស័យអប់រំ មិនថានៅទីក្រុង ទីប្រជុំជន ឬមូល ដ្ឋានជនបទនោះទេ គឺសុទ្ធតែបានកើតឡើងពីការ គិតគូរយក ចិត្តទុកដាក់ខ្ពស់ និងជួយសម្រួលពីរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយនូវភាព ក្រីក្រដោយអក្ខរកម្ម ជាពិសេស ដើម្បីផ្សាភ្ជាប់នូវគុណភាពអប់រំរវាងទីក្រុង និងជនបទ ឱ្យមានតម្លាភាព និងប្រសិទ្ធភាព។
ឯកឧត្តមកិត្តិបណ្ឌិត ក៏បានក្រើនរម្លឹកដល់ក្មួយៗទាំងអស់ត្រូវប្រឹងប្រែង សិក្សារៀនសូត្រ មិនត្រូវប្រព្រឹត្តអំពើអបាយមុខផ្សេងៗ គេចឱ្យឆ្ងាយពីគ្រឿងញៀន សំដៅធ្វើយ៉ាងណាខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតខ្លួនឯង និងសង្គមជាតិយើងទាំងមូល៕
ដោយ ជួន សុជាតិ