ឆ្នាំ២០១៩នេះ ខេត្តតាកែវសល់ស្បៀងជាស្រូវចំនួន ៧៩០.៧២៣តោន
AKP តាកែវ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ -- លោក ញ៉ិប ស៊្រន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវ កាលពីថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ បានឱ្យដឹងថា ការបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០១៨-២០១៩ របស់ប្រជាកសិករខេត្តតាកែវកន្លងមក អនុវត្តន៍បានចំនួន ១៩៩.៦៤៣ហិកតា ស្មើនឹង ១១៧,៤៣ភាគរយនៃផែនការ ក្នុងទិន្នផលមធ្យម ៣,៤៤៣តោន ក្នុងមួយហិកតា ដោយទទួលបានបរិមាណផលចំនួន ៦៨៧.៣៧១តោន។
លោកបន្តថា រីឯស្រូវរដូវប្រាំងវិញ គិតមកដល់ពេលនេះប្រជាកសិករយើងសម្រេច អនុវត្តន៍បានចំនួន ៦១.៥៣៥ហិកតា ស្មើនឹង ៨២.០៥ភាគរយ នៃផែនការ។ ការបង្កបង្កើនផលស្រូវរដូវប្រាំងរបស់ ប្រជាកសិករខេត្តតាកែវ នឹងឈានដល់ចំនួន ៩៩.០៧០ហិកតា ដោយការប៉ាន់ស្មាននូវទិន្នផលមធ្យមមានចំនួន ៤.៨៧០ តោនក្នុងមួយ ហិកតា បរិមាណផលដែលនឹងអាចទទួលបាន ប្រមាណ៤៨២.៤៧៣តោន។ ដូច្នេះបរិមាណផលសរុបទាំងផលស្រូវរដូវវស្សានិងផលស្រូវរដូវប្រាំងមានចំនួន ១.១៦៩.៨៤៤តោន។
លោក ញ៉ិប ស៊្រន បន្តទៀតថា ក្នុងឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋក្នុងខេត្តតាកែវ មានចំនួនប្រហែល ១.០១៦.១៣១នាក់ ហើយមនុស្សម្នាក់ក្នុងមួយឆ្នាំ តម្រូវការស្បៀងគិត ជាអង្កររយៈពេលមួយឆ្នាំចំនួន១៤៥.៣០៧តោន។ ការប៉ាន់ប្រមាណតុល្យភាពស្បៀង ដោយដកចេញការហូបចុករយៈពេលមួយឆ្នាំ ការទុកពូជ ចំណីសត្វ ការបាត់បង់ផ្សេងៗ ឃើញថាទូទាំងខេត្ត តាកែវ នៅសល់ស្បៀងគិតជាស្រូវចំនួន ៧៩០.៧២៣តោន គិតជាអង្ករ ៥០៦.០៦៣តោន សម្រាប់ធ្វើការនាំចេញទៅបណ្តាខេត្តផ្សេងៗ និងក្រៅប្រទេស។ បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ឆ្នាំនេះសល់ស្បៀងច្រើនជាងឆ្នាំមុន គិតជាស្រូវចំនួន ១៧.២៨៩តោន គិតជាអង្ករចំនួន ១១.០៦៥តោន ៕
ដោយ អ៊ុច សៀង