ឯកឧត្តម ស៊ុន ចាន់ថុល៖ រថយន្តដើរដោយថាមពលអគ្គីសនី ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាសដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន
AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១--ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា រថយន្តដើរដោយថាមពលអគ្គិសនី ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក ដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញធ្វើដំណើរតាមរថយន្ដដើរដោយថាមពលអគ្គិសនី (2 blue Electric I-Pace Jaguar) ជាមួយលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើតេស្តសាកល្បងអំពីប្រសិទ្ធភាព នៃការប្រើប្រាស់រថយន្តប្រភេទនេះ ក្នុងដំណើរឆ្ពោះទៅចូលរួមកិច្ចពិភាក្សា នៅសណ្ឋាគារ Raffles le Royal Hotel ក្រោមប្រធានបទ៖ “អគ្គិសនីភាវូបនីយកម្មនៃយានយន្ត ដើម្បីអនាគតបៃតងសម្រាប់កម្ពុជា” កាលពីថ្ងៃ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការធ្វើដំណើរតាមរថយន្តដើរដោយថាមពលអគ្គិសនី I-Pace electric Jaguar មកចូលរួមកិច្ចពិភាក្សា ជាបទពិសោធន៍ដ៏អស្ចារ្យមួយរបស់ឯកឧត្តម ហើយការធ្វើដំណើរនេះក៏មានលក្ខណៈដូចជាការធ្វើដំណើរតាមរថយន្តម៉ាស៊ីនសាំងធម្មតាដែរ ដោយសារតែរថយន្តនេះមានលក្ខណៈទំនើប ស្ងាត់ ប្រសិទ្ធភាព និងអាចធ្វើដំណើរបានដោយរលូននៅលើផ្លូវ។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថាក្រសួងកំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី(EVs) ហើយយើងត្រូវធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូលសម្រាប់ EVs នៅកម្ពុជា ក្នុងនោះរួមមាន៖ស្ថានីយសាកអាគុយ, កន្លែងផ្តល់សេវា, គ្រឿងបន្លាស់, បុគ្គលិកទទួលការបណ្តុះបណ្តាល, កន្លែងបោះចោលអាគុយ, និងធានាថាEVs ដែលនាំចូលមកកម្ពុជាមានគុណភាពល្អ។
ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមទៀតថា ក្រសួងបាន និង កំពុងធ្វើការជាមួយក្រសួងពាក់ព័ន្ធ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យដឹកជញ្ជូន២០២២-២០៣១ ហើយសេចក្តីព្រាងគោលនយោបាយជាតិនេះ ត្រូវបានឯកភាពជាគោលការណ៍ ដោយភាគីពាក់ព័ន្ធទាំងអស់រួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន,ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងមហាផ្ទៃ,ក្រសួងវិទ្យាសាស្ត្រឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងរ៉ែ និងថាមពល, និងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ។
ជាពិសេស ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងការជជែកពិភាក្សា អំពីរថយន្តដើរដោយថាមពលអគ្គិសនី ដើម្បីផ្ដល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋកម្ពុជាថារថយន្តប្រភេទនេះ មានលក់នៅកម្ពុជាសម្រាប់ជាមធ្យោ បាយធ្វើដំណើរសម្រាប់ពលរដ្ឋកម្ពុជាហើយ។
សូមបញ្ជាក់ថា រថយន្តដើរដោយថាមពលអគ្គិសនី ជួយឱ្យបរិស្ថានស្អាត មានប្រសិទ្ធភាពជាង រថយន្តប្រើសាំង និងអាចជួយកាត់បន្ថយការបំពុលខ្យល់ក្នុងទីក្រុងនានាដូចជា ទីក្រុងភ្នំពេញជាដើម ។ ដោយសាររថយន្តប្រភេទនេះមិនប្រើសាំងក្នុងដំណើរការរបស់វាទេ។ រថយន្តអគ្គិសនីក៏ជួយកាត់បន្ថយការ បំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផងដែរ បើទោះបីជាបណ្តាញអគ្គិសនីត្រូវបានដំណើរការដោយធ្យូងថ្មក៏ដោយ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)





