កិច្ចប្រជុំពិភាក្សា ត្រួតពិនិត្យលើពង្រាងចុងក្រោយ ផែនទីបណ្តាញផ្លូវថ្នល់ឆ្នាំ២០២០
AKP ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១--ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារធ្វើផែនទីបណ្ដាញផ្លូវថ្នល់ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំពិភាក្សា ត្រួតពិនិត្យលើពង្រាងចុងក្រោយ ផែនទីបណ្តាញផ្លូវថ្នល់ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។
នៅក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ផ្តល់មតិយោបល់បន្ថែមលើពង្រាងទិន្នន័យផែនទី ក៏ដូចជាធ្វើការបញ្ជាក់ឱ្យបានច្បាស់លាស់ផ្លូវថ្នល់ ដែលស្ថិតនៅក្រោមសមត្ថកិច្ច នៃការគ្រប់គ្រងរបស់ខ្លួន សំដៅធ្វើយ៉ាងណាឱ្យការធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌ និងរៀបចំជាផែនទីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ផ្សេងទៀតក្រោមការគ្រប់គ្រងរបស់ក្រសួងទទួលបានជោគជ័យ។
ជាមួយគ្នានេះដែរ អង្គប្រជុំបានផ្តោតការពិភាក្សា លើការពិនិត្យឡើងវិញ និងកែសម្រួលសេចក្តីព្រាងបញ្ជីសារពើភណ្ឌផ្លូវថ្នល់រួម ក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួង ដើម្បីបំពេញបន្ថែមចំណុចខ្វះខាត តាមការលើកឡើងរបស់ភាគីពាក់ព័ន្ធ ការបែងចែកខ្សែផ្លូវតាមតំបន់ ស្របតាមស្តង់ដារដែលបានកំណត់ និងការដាក់បញ្ចូលខ្សែផ្លូវ និងលេខផ្លូវទៅក្នុងបញ្ជីសារពើភណ្ឌឱ្យបានសមស្រប។
សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើបច្ចុប្បន្នភាពបញ្ជីសារ ពើភណ្ឌបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ផ្សេងទៀតក្រោមការគ្រប់គ្រងរបស់ខ្លួន ឱ្យបានត្រឹមត្រូវ និងរៀបចំចេញជាផែនទីបណ្ដាញផ្លូវឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាបាននូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)