ADB ផ្ដល់ប្រាក់កម្ចី៨២លានដុល្លារ ដើម្បីកែលម្អផ្លូវជាតិ និងផ្លូវខេត្ដក្នុងប្រទេសកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៩កញ្ញា ២០២១ -- ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន៨២លានដុល្លារដើម្បីកែលម្អផ្លូវជាតិ និងផ្លូវខេត្តប្រវែង៤៨គីឡូម៉ែត្រក្នុងខេត្តព្រៃវែង និងខេត្ដកណ្តាលដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមច្រករបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ (GMS)។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។
បើតាម ADB ជំនួយថ្មីនេះ គឺជាដំណាក់កាលទី២នៃគម្រោងធ្វើឱ្យប្រសើរឡើងនូវបណ្តាញផ្លូវថ្នល់ដែលមានគោលបំណងពង្រឹងការតភ្ជាប់កម្ពុជាជាមួយវៀតណាម និងគាំទ្រការអភិវឌ្ឍគ្រឿងសម្របសម្រួលការឆ្លងដែននៅក្នុងខេត្តទាំងពីរ។ ការធ្វើឱ្យប្រសើរថ្មី នេះនឹងប្រើប្រាស់ការរចនាដែលធន់នឹងគ្រោះមហន្តរាយ និងអាកាសធាតុ និងជួយឱ្យ ក្រសួងសាធារណការនិងដឹកជញ្ជូនគ្រប់គ្រងផ្លូវបានល្អប្រសើរដោយកាត់បន្ថយការផ្ទុក លើសចំណុះយានយន្តដែលជារឿយៗធ្វើឱ្យខូចផ្លូវ និងនាំឱ្យមានការជួសជុលមុនពេល កំណត់។
លោក Mohammad Nazrul Islam អ្នកជំនាញផ្នែកដឹកជញ្ជូនរបស់ធនាគារអភិវឌ្ឍន៍អាស៊ីមានប្រសាសន៍ថា ការដឹកជញ្ជូនតាមផ្លូវគោក គឺជាមធ្យោបាយចម្បងនៃចរាចរណ៍ទំនិញនិងមនុស្សនៅក្នុងប្រទេសកម្ពុជានិងរវាងប្រទេសមហាអនុតំបន់ទន្លេមេគង្គ។ លោក បានបន្ដថា គម្រោងនេះនឹងពង្រីកលទ្ធភាពទទួលបានការអប់រំសេវាសុខភាពក៏ដូចជាសេវាកម្មសាធារណៈដទៃទៀតក្នុងចំណោមសហគមន៍មូលដ្ឋានជាពិសេសពលរដ្ឋក្រីក្រនៅតាមជនបទ។ លោកបានបញ្ជាក់ថា “វាក៏នឹងជួយតភ្ជាប់កាន់តែប្រសើរទៅនឹងទីផ្សារនិងឱកាសសេដ្ឋកិច្ចតាមរយៈបណ្តាញផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាពសុវត្ថិភាព និងភាពធន់នឹងអា កាសធាតុដែលតភ្ជាប់កម្ពុជាជាមួយវៀតណាមតាមច្រករបៀងសេដ្ឋកិច្ចខាងត្បូងនៃមហា អនុតំបន់មេគង្គ” ។
សូមជម្រាបថា សេដ្ឋកិច្ចកម្ពុជាបានកើនឡើង៧,៨ភាគរយ ក្នុងមួយឆ្នាំជាមធ្យមចាប់ពីឆ្នាំ១៩៩៨ ដល់ ឆ្នាំ២០១៩ ប៉ុន្តែបានធ្លាក់ចុះ៣,១ភាគរយ នៅឆ្នាំ២០២០ដោយសារជំងឺរាតត្បាតកូវីដ១៩។ ទន្ទឹមនេះ វិស័យដឹកជញ្ជូនរបស់ប្រទេសប្រឈមនឹងបញ្ហាដូចជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ និងបញ្ហានិរន្តរភាព។ ផ្លូវជនបទ និងផ្លូវ ខេត្តភាគច្រើនរបស់កម្ពុជាមិនទាន់ឈួសឆាយ ហើយសមត្ថភាពផ្លូវជាតិមានកំណត់។
លោក Mohammad Nazrul Islam បានលើកឡើងថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលបានបង្កើតផែនការជាតិមួយដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ និរន្តរភាព និងភាពធន់នឹងអាកាសធាតុដែលអាចបំពេញតម្រូវការប្រជាពលរដ្ឋ និងកំណើនការងារអំឡុងឆ្នាំ២០៣០។ ផ្លូវកសាងក្នុងគម្រោងថ្មីនេះ ត្រូវបានបញ្ចូលក្នុងបញ្ជីគម្រោងផែនការជាតិនេះ។
ជាមួយគ្នានេះដែរ ក្នុងដំណាក់កាលទី១នៃគម្រោង ដែលត្រូវបានអនុម័តដោយADB ក្នុងឆ្នាំ២០១៧ គ្របដណ្តប់លើផ្លូវជាតិចំនួន១៤៧គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង សៀមរាប និង ខេត្ដស្វាយរៀង តាមច្រករបៀងសេដ្ឋកិច្ចខាងត្បូងនៃមហាអនុតំបន់មេគង្គ។ ក្នុងដំណាក់កាលទី២ ការកែលម្អផ្លូវជាតិ នឹងបង្ហាញពីការចំណាយប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបច្ចេកទេសជីវសាស្រ្តដែលមិនប៉ះពាល់ដល់បរិស្ថានរួមទាំងការការពារទំនប់ និង ជម្រាល។ ការធ្វើឱ្យប្រសើរឡើងនូវផ្លូវខេត្ត នឹងប្រើអង្គធាតុដីរាវដែលមិនប៉ះពាល់ដល់ បរិស្ថានដើម្បីជួយពង្រីកការប្រើប្រាស់វត្ថុធាតុដើមដែលមាននៅក្នុងស្រុក។
បើតាមលោក Mohammad Nazrul Islam គម្រោងនេះ ក៏មានគោលបំណងជួយក្រសួងសាធារណការ និងដឹកជញ្ជូនកែលម្អ ការគ្រប់គ្រងផ្លូវថ្នល់និងអភិវឌ្ឍន៍របៀបថែទាំផ្លូវប្រកបដោយនិរន្តរភាព ដោយប្រើប្រាស់កិច្ចសន្យាថែទាំផ្លូវថ្នល់ដែលមានប្រសិទ្ធភាព ហើយក៏នឹងបង្កើនការយល់ដឹងអំពីសុវត្ថិភាពនិងសុខភាពផ្លូវថ្នល់ក្នុងសហគមន៍ដែលមានការអនុវត្តគម្រោងនេះ។
លោកបានបន្ថែមថា “គម្រោងផ្លូវនេះ អនុវត្តន៍តាមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់ប្រទេសកម្ពុជាដែលមានគោលបំណងជួយប្រទេសក្នុងការកែលម្អការប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច។ គម្រោងនេះក៏ជាការអនុវត្តបន្តនៃកម្មវិធីផ្លូវ និងផ្លូវដែករបស់ADB នៅក្នុងប្រទេសកម្ពុជាផងដែរ”៕
ដោយ រិទ្ធី ប្រភព៖ ADB