នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១--ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹក នាំកិច្ចប្រជុំប្រចាំឆមាសទី១ រវាងថ្នាក់ដឹកនាំវិទ្យាស្ថាន និងសាស្ត្រាចារ្យ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ ២០២១ ដោយមានការចូលរួមពីថ្នាក់ដឹកនាំវិទ្យាស្ថាន សាស្ត្រាចារ្យ និងក្រុមកាងាររបស់វិទ្យាស្ថាន។
នៅក្នុងឱកាសនោះ ឯកឧត្តមនាយកវិទ្យាស្ថាន បានសម្ដែងការស្វាគមន៍ និងកោតសរ សើរចំពោះការខិតខំអស់ពីកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ និងសាស្តា្រចារ្យ ដើម្បីជំរុញឱ្យវិទ្យាស្ថានបោះជំហានទៅមុខ និងបានដាក់ចេញនូវយុទ្ធសាស្ត្រ ទិសដៅបន្តពង្រឹងគុណភាពអប់រំ វិន័យរបស់សិស្ស និស្សិត មានកាលវិភាគសិក្សាច្បាស់លាស់ មានទំនាក់ទំនងល្អ រវាងគ្រូនិងសិស្សនិស្សិត និងមានសាមគ្គីភាពផ្ទៃក្នុង។
ជាមួយគ្នានេះដែរ ឯកឧត្តមនាយកវិទ្យាស្ថាន បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការចូលរួមរបស់ថ្នាកដឹកនាំ មន្ត្រី និងសាស្ត្រាចារ្យគ្រប់រូប វិទ្យាស្ថានតេជោសែន សាធារ ណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអាចផ្ដល់ជំនាញយ៉ាងពិតប្រាកដមួយ ចំណេះដឹងយ៉ាងទូលំទូលាយដល់សិស្សនិស្សិតទាំងផ្នែកបច្ចេកទេស និងផ្នែកទ្រឹស្តី ដើម្បីក្លាយជាអ្នកមានជំនាញ និងទទួលបានបទពិសោធន៍ច្បាស់លាស់ ប្រកបដោយគុណធម៌ សីលធម៌វិជ្ជាជីវៈ ដែលនឹងអាចក្លាយជាធនធានមនុស្សដ៏មានសក្តានុពល និងខ្លាំងពូកែនាពេលអនាគត។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ រហូតមកទល់ពេលនេះ វិទ្យាស្ថានបានទទួលនិស្សិតជំនាន់ទី១ចូលរៀន ចំនួន ១៩១នាក់ សម្រាប់ថ្នាក់សិក្សាឆ្នាំមូលដ្ឋានរបស់ខ្លួន ជាមួយនឹងការបង្រៀនតាមប្រព័ន្ធវីដេអូពីចម្ងាយពីបន្ទប់សិក្សានៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅក្នុងបរិបទនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)