ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុស្សធម៌ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា
AKP ព្រះសីហនុ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១–ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហន អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលបាននាំយកសម្ភារ និង ថវិកាឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួប ទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និង កសាងធនធានរបស់សង្គម" ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតនៅសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍ ២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០២១ ។

អំណោយដែលប្រគល់ជូនមកសាខាកាកបាទក្រហមកម្ពុជាខេត្តមានដូចជា៖
១.ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ៣០.០០០ដុល្លារអាម៉េរិក
២.ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ១៥.០០០.០០០រៀល
៣.លោកឧកញ៉ា សុខ ហេង និងលោកជំទាវ ឧបត្ថម្ភទឹកត្រីចំនួន ៥០០យួរ និងទឹកស៊ីអ៊ីវចំនួន ៥០០យួរ
៤.លោក យស់ សុធា ប្រធានមន្ទីរប្រៃស ណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ១.០០០.០០០រៀល
៥.មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ៥០០.០០០រៀល
៦.លោក សន ស៊ីផល ប្រធានសាខាពន្ធ ដារខេត្តព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ១០.០០.០០០រៀល
៧.លោក ប៉ែត ចក់ អនុប្រធានសាខាពន្ធ ដារខេត្តព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ១.០០០.០០០រៀល
៨. លោក វ៉ាន់ សុខជា និងលោកស្រី ឧបត្ថម្ភថវិកាចំនួន ១.០០០ដុល្លារអាម៉េរិក
៩.លោក តី វិសាល និងមន្ត្រីអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ១.៥០០.០០ រៀល
១០.លោក ផែន សុខុន និងលោកស្រី ម្ចាស់ផ្សារកងកេងឃុំរាម ស្រុកព្រៃនប់ ឧបត្ថម្ភថវិកាចំនួន ៨.០០០.០០០រៀល។

ឯកឧត្ដម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុមានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកឧកញ៉ា អស់លោក លោកស្រីជាម្ចាស់ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ មន្ត្រីរាជការ និងបងប្អូនសប្បុរសជនដែលបាននាំយកសម្ភារ និងថវិកាឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានថវិកា និងធនធានដើម្បីយកមកបម្រើសកម្មភាពមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ដែលកំពុងខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ដោយមិនមានប្រកាន់វណ្ណ: ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាយើងជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ខ្វះ ខាតស្បៀងស្លាប់នោះទេ ។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់លោកឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ មន្ត្រីរាជការ លោក លោកស្រី និងបងប្អូនសប្បុរសជនទាំងអស់បន្តជួយឧបត្ថម្ភគាំទ្រសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុរបស់យើងបន្តទៀត ដើម្បីឱ្យសាខាមានធនធាន ថវិកា សម្ភារ ដើម្បីយកមកធ្វើការចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយនានាបានទាន់ពេលវេលា ពិសេសប្រជាពលរដ្ឋខ្វះខាតស្បៀងក្នុងបរិបទកូវីដ-១៩ នៅក្នុងខេត្តព្រះសីហនុ នាពេលនេះ ៕
ដោយ ៖ ងូ សុមុនី






