សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលទទួលអំណោយពីសប្បុរសជន
AKP កណ្តាល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១--នៅសាលាខេត្តកណ្តាលរសៀថ្ងៃ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយពីលោកឧកញ៉ាកោះ ភារៈ អគ្គនាយកក្រុមហ៊ុនកោះមង្គលរតនៈសម្បត្តិ ឯ.ក និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន។

ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណចំពោះ លោក លោកឧកញ៉ា កោះ ភារៈ និង លោកជំទាវ អ៊ឹង ស៊ីស៊្រន ដែលបានបរិច្ចាគនូវសម្ភារ និងថវិកា ជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ហើយសាខាសូមសន្យាថា នឹងយកចិត្តទុកដាក់បំផុតក្នុងការប្រើប្រាស់អំណោយដ៏ថ្លៃថ្លានេះឱ្យមានតម្លាភាព ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្មានការរើសអើងពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិ នៃកាកបាទក្រហម។

ឯកឧត្តម បានបន្តថា អំណោយដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា ពិសេសក្រុងតាខ្មៅ ត្រូវបានរាជរដ្ឋាភិបាលសម្រេចជាតំបន់ដែលត្រូវបានបិទខ្ទប់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញពីផ្ទះ និងបន្លាស់ទីពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយឡើយ។ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។

អំណោយរបស់លោកឧកញ៉ា កោះ ភារៈ រួមមាន៖ អង្ករចំនួន ៥តោន មីខ្លាឃ្មុំ ២០០ កេសតូច ត្រីខកំប៉ុង ៥០កេសធំ ទឹកបរិសុទ្ធវីតាល់ ២០០កេស ថវិកា ១ម៉ឺនដុល្លារអាម៉េរិក។ ចំណែកអំណោយលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន រួមមាន៖ ទឹកបរិសុទ្ធ ២០០កេស និងថវិកា ៥ លានរៀល ។
កាផ្តល់អំណោយទាំងនេះ ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ពិសេសក្នុងឱកាសខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ « ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ » ៕
ដោយ ណយនឿន (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល)






