ប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំងកងទ័ពលើកឡើងពីបញ្ហាលំបាកមួយចំនួនជុំវិញយុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់ក្រហម
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ -- ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ-១៩ បានលើកឡើងពីបញ្ហាលំបាកមួយចំនួនដែលក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងដែលបានជួបប្រទះអំឡុងពេលនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ។

ថ្លែងក្នុងកម្មវិធីផ្សាយផ្ទាល់វេទិកាពិសេសស្ដីពីសកម្មភាព និងលទ្ធផលនៃការអនុវត្ដពាក់ព័ន្ធក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងការអនុវត្ដកម្មវិធីជំនួយសង្គមជាសាច់ប្រាក់តាមទូរទស្សន៍ជាតិកម្ពុជា នាល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ឯកឧត្ដម នាយឧត្តមសេនីយ៍ ឥត សាវ៉ាត់ បានគូសបញ្ជាក់ថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមក្នុងរាជធានីភ្នំពេញនេះ គឺមានបញ្ហាលំបាកមួយចំនួនដែលប្រឈម ក្នុងនោះរួមមាន៖ បញ្ហាសុវត្ថិភាពគឺជាបញ្ហាប្រឈមមួយដែលក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដែលមកទទួលសេវាចាក់វ៉ាក់សាំងនេះត្រូវមានការប្រុងប្រយ័ត្នទាំងអស់។ ចំពោះអ្នកដែលមកចាក់មិនដឹងខ្លួនថាខ្លួនមានផ្ទុកជំងឺកូវីដ១៩ ហើយមកចាក់វ៉ាក់សាំងអ្នកខ្លះអំឡុងពេលដែលយកសំណាកកូវីដ១៩ហើយ ប៉ុន្តែនៅតែមកចាក់វ៉ាក់សាំងទៀត។ ឯកឧត្ដម នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា ដោយឡែកករណីមួយចំនួនទៀត អ្នកដែលដឹងថាខ្លួនកើតកូវីដ១៩ហើយ និងកំពុងរង់ចាំក្រុមគ្រូពេទ្យដើម្បីបញ្ជូនទៅសម្រាកព្យាបាលនោះ បែរជាមកចាក់វ៉ាក់សាំងទៀត ដែលទាំងអស់នេះ គឺជារឿងគ្រោះថ្នាក់ណាស់សម្រាប់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដទៃទៀតដែលមកទទួលសេវាចាក់វ៉ាក់សាំង។

តែយ៉ាងណាក៏ដោយចុះ ឯកឧត្ដម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់បន្ថែមថា ក្រុមគ្រូពេទ្យនឹងបន្តខិតខំប្រឹងប្រែងក្នុងការសម្រេចឱ្យបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញដូសទី១ឱ្យបានចប់រួចរាល់នៅថ្ងៃទី១៥ ខែឧសភា ខាងមុខនេះ ហើយបើនៅសល់ទៀត គឺនឹងបន្តចាក់ឱ្យប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នាផងដែរ ។
សូមជម្រាបជូនថា យុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ដោយប្រើរយៈពេល៣០ថ្ងៃ គ្របដណ្តប់លើតំបន់មួយចំនួនក្នុងខណ្ឌចំនួន៤ រួមមាន ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌកំបូល និងខណ្ឌដង្កោ។
ពាក់ព័ន្ធនឹងការងារចាក់វ៉ាក់សាំងនេះ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា សម្តេចមានមោទកភាពចំពោះរាជរដ្ឋាភិបាលដែលបានប្រគល់ភារកិច្ចនេះឱ្យក្រសួងការពារជាតិ ទទួលបន្ទុកចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមនៃខណ្ឌទាំង៤ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩។ សម្តេចពិជ័យសេនាបានបន្តថា ភាពជោគជ័យនៃយុទ្ធនាការនេះអាស្រ័យលើការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការរួមគ្នាជួយប្រជាពលរដ្ឋក្នុងគ្រាដ៏លំបាកនេះ ៕
ដោយ ចាន់ សុធីវង្ស






