មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចបានបញ្ជាក់ថា ភ្នាក់ងារវីងនឹងយកលុយជូនដល់ផ្ទះតែម្តងសម្រាប់គ្រួសារមានកម្រិតជីវភាពទាបក្នុងតំបន់ក្រហម
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ -- ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាបានបញ្ជាក់ថា យន្តការនៃការអនុវត្តកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ដល់គ្រួសារមានកម្រិតជីវភាពទាបនិងការផ្តល់ជំនួយសង្គមសម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ និងការលំបាកផ្នែកជីវភាពក្នុងព្រឹត្តិការណ៍២០កុម្ភៈនឹងអនុវត្តតាមប្រព័ន្ធធនាគារវីងដោយភ្នាក់ងារវីងនឹងយកលុយជូនដល់ផ្ទះតែម្តងសម្រាប់គ្រួសារមានកម្រិតជីវភាពទាបក្នុងក្រហម។

ក្នុងកម្មវិធីផ្សាយផ្ទាល់វេទិកាពិសេសស្ដីពីសកម្មភាពនិងលទ្ធផលនៃការអនុវត្តរបស់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធក្នុងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជានាល្ងាចថ្ងៃពុធទី១២ខែឧសភាឆ្នាំ២០២១នេះ ឯកឧត្តម សំហេង បុរស បានមានប្រសាសន៍ថា ការជួយឧបត្ថម្ភជាសាច់ប្រាក់នេះនឹងចាប់ផ្តើមក្នុងខែ៦ខាងមុខបន្ទាប់ពីក្រុមការជួបសម្ភាសន៍ដើម្បីជ្រើសរើសពលរដ្ឋក្រីក្រនិងខ្វះខាតពិតប្រាកដរួច។

ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាបានបញ្ជាក់ថា«នីតិវិធីផ្តល់ទៀតក៏មានការងាយស្រួលដែរ អ្វីដែលយើងនឹងធ្វើនឹងបើកផ្ទាល់ដោយយើងសហការជាមួយដៃគូវីង ហើយវីងគាត់នឹងជួយរហូតទៅដល់ថា នៅក្នុងតំបន់ក្រហមអាចមានអ្នកយកលុយទៅជូនគាត់ទៀត នេះទី១។ ទី២ ប្រសិនបើកន្លែងនោះពិបាក យើងនឹងបង្កើតAppទៀត បើសិនគ្រួសារណាអាចមានបច្ចេកទេសទំនើបនៅក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគឺអាចដោនឡូដតែAppមួយមកគឺអាចមានលុយចូលក្នុងកុងរបស់គាត់ៗអាចប្រើAppដើម្បីទិញសម្ភារក៏បាន បើកជាលុយក៏បាន បើកនៅបញ្ជរវីងក៏បាន»។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ក៏បានសម្ដែងក្ដីបារម្ភខ្លាចក្រែងប្រជាពលរដ្ឋចេញទៅបើកលុយនៅបញ្ជរវីងដែលអាចប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩។ ដូច្នេះក្រុមការងារអនុវត្តរបស់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធក្នុងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នឹងរៀបចំយន្តការដោះស្រាយតាមស្ថានភាពជាក់ស្ដែងបន្ថែមទៀត៕
ដោយ ៖ គង់ សិរីរ័ត្ន






