ក្រសួងការងារស្នើឱ្យម្ចាស់សហគ្រាសធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទកម្មករ ដើម្បីបង្កើតគណនេយ្យវីង ក្នុងការផ្តល់ប្រាប់ឧបត្ថម្ភចំនួន១៦ម៉ឺនរៀល ក្រោយបិទបញ្ចប់តំបន់បិទខ្ទប់
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ -- មន្រ្ដីជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវីជ្ជាជីវៈបានស្នើឱ្យនិយោជក ឬម្ចាស់រោងចក្រ សហគ្រាសធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទរបស់កម្មករ កម្មការិនី ជាថ្មី ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភក្នុងអំឡុងពេលបិទខ្ទប់ដោយសារជំងឺកូវីដ១៩ ។

ថ្លែងក្នុងកម្មវិធីផ្សាយផ្ទាល់វេទិកាពិសេសស្ដីពីសកម្មភាព និងលទ្ធផលនៃការអនុវត្ដពាក់ព័ន្ធក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងការអនុវត្ដកម្មវិធីជំនួយសង្គមជាសាច់ប្រាក់តាមទូរទស្សន៍ជាតិកម្ពុជា នាល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកឡើងថា ក្រសួងការ ងារស្នើសុំដល់កម្មករ និយោជកឬម្ចាស់សហគ្រាសធ្វើបច្ចុប្បន្នលេខទូរស័ព្ទកម្មករ មកក្រសួងដើម្បីងាយស្រួលផ្តល់ប្រាក់ឧបត្ថម្ភចំនួន១៦ម៉ឺនរៀលដែលជាជំនួយសង្គមពីរាជរដ្ឋាភិបាលក្រោយពេលអំឡុងពេលបិទខ្ទប់ដោយសារជំងឺកូវីដ១៩។ ឯកឧត្ដមបានបន្ដថា កញ្ចប់ថវិការជំនួយសង្គមនេះ នឹងសម្រួលជីវភាពរបស់កម្មករបានមួយកម្រិតផងដែរ ហើយកម្មករដែលទទួលបានគឺជាកម្មកររោងចក្រផ្នែកសម្លៀកបំពាក់ ស្បែកជើង និងការបូប។ ឯកឧត្ដមរដ្ឋលេខាធិការបានបញ្ជាក់ថា “កញ្ចប់ជំនួយនេះនឹងក្លាយជាកញ្ចប់មួយដែលមានប្រយោជន៍យ៉ាងជ្រាល់ជ្រៅជូនកម្មកររបស់យើង ហើយអ្វីដែលយើងទទួលបាននោះគឺសប្បា យរីករាយផងដែរ ដោយសារកម្លាំងចាក់វ៉ាក់សាំងបានចូលដល់ទីតាំងដែលពលរដ្ឋធ្វើសំណាកអវិជ្ជមានហើយគឺចាក់វាក់សាំងជូនទាំងអស់”។
ឯកឧត្ដមបានបន្ថែមថា កម្មវិធីជំនួយសង្គមគឺផ្តល់ជូនសម្រាប់កម្មករនៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ នៃខេត្ដកណ្ដាល និងខេត្តព្រះសីហនុ។ នីតិវិធីសម្រាប់បងប្អូនដែលត្រូវទទួលប្រាក់ឧបត្ថម្ភជំនួយផ្នែកសង្គមជាសាច់ប្រាក់នេះ គឺក្រសួងការងារបានចេញសេចក្តីប្រកាសមួយឱ្យម្ចាស់សហគ្រាសទាំងអស់ ធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទ និងលេខអត្តសញ្ញាណប័ណ្ណ។ ឯកឧត្ដមបានបន្ដទៀតថា ការពិតទិន្នន័យយើងមាន ក៏ប៉ុន្តែពេលខ្លះកម្មករមានការផ្លាស់ប្តូរដែរ ដែលធ្វើឱ្យខុសនឹងប្រព័ន្ធទិន្នដែលក្រសួងមានផងដែរ។
ឯកឧត្ដម ហេង សួរ បានអះអាងថា “យើងឱ្យធ្វើបច្ចប្បុន្នភាពលេខទូរស័ព្ទនេះដើម្បីយើងយកទៅបង្កើតគណនេយ្យវីង ប៉ុន្តែបើសិនលេខទូរស័ព្ទដែលបងប្អូនមានការផ្លាស់ប្តូរនោះនឹងធ្វើឱ្យបងប្អូនមិនទទួលបានប្រាក់ក៏មាន។ ពេលនេះយើងមានក្រុមការងារធ្វើការផ្សព្វផ្សាយដល់ម្ចាស់សហគ្រាសដើម្បីប្រាប់ដល់កម្មករ រហូតដល់២៧ ខែឧសភា ឆ្នាំ២០២១នេះ ហើយយើងជឿជាក់ថាខាងរោងចក្រអាចធ្វើបាន ពីព្រោះគាត់មានបញ្ជី កម្មករក្នុងការបើកប្រាក់ឈ្នួលស្រាប់”។ ជាមួយគ្នានោះដែរ ឯកឧត្ដមក៏បានអំពាវនាវដល់កម្មករត្រូវពិនិត្យមើលលេខទូស័ព្ទរបស់ខ្លួន និងលេខអត្ដសញ្ញាណប័ណ្ណ ហើយនៅពេលត្រឹមត្រូវត្រូវផ្តិតមេដាយទទួលស្គាល់ ពីព្រោះថាការធ្វើបែបនេះគឺដើម្បីងាយស្រួលនៅពេលក្រោយបើខាងរោងចក្រមិនបានបញ្ចូនទៅក្រសួងការងារពេលមានបញ្ហា គឺខាងភាគីរោងចក្រ នឹងទទួលខុសត្រូវ។
ឯកឧត្ដមបានបញ្ជាក់បន្ថែមថា “បើសិនបងប្អូនកម្មករមិនបានសហការជាមួយនិយោជក ដូចជាមិនបានពិនិត្យលេខទូរស័ព្ទ និងលេខអត្តសញ្ញាណប័ណ្ណ ហើយមានបញ្ហា នោះគឺជាកំហុស របស់កម្មករ”។
ឯកឧត្ដមបានបញ្ជាក់សារជាថ្មីថា កម្មករដែលទទួលបានប្រាក់ជំនួយឧបត្ថម្ភពីរាជរាជរដ្ឋាភិបាលនៅតំបន់បិទខ្ទប់ គឺមាននៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ នៃខេត្ដកណ្ដាលនិងខេត្ដព្រះសីហនុ។ ដោយឡែកនៅខេត្តផ្សេងទៀតក៏ទទួលបានដែរបើសិនគាត់ធ្វើតេស្ដរកឃើញមានផ្ទុកជំងឺកូវីដ១៩ ដោយទទួលបានប្រាក់ចំនួន១៦ម៉ឺនផងដែរ៕
ដោយ ប៊ុនរិទ្ធ






