ត្រៀមបញ្ជូនអត្តពលិក១២ប្រភេទកីឡា ដែលមានចំនួន១៣៥នាក់ ទៅហ្វឹកហាត់នៅប្រទេសចិន ត្រៀមស៊ីហ្គេម
AKP ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ -- ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) លើកឡើងថា កម្ពុជាបានត្រៀមបញ្ជូនកីឡាករ កីឡាការិនីសក្តានុពលរបស់ខ្លួនចំនួន១២ប្រភេទកីឡា ដែលមានចំនួន១៣៥នាក់ចេញទៅបន្តការហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីត្រៀមស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ឯកឧត្ដមអគ្គលេខាធិការបានអះអាងថា ក្រៅពីការផ្តល់ជំនួយឥតសំណងលើការសាងសង់កីឡដ្ឋានធំនៃពហុកីឡ ដ្ឋានជាតិមរតកតេជោរបស់រដ្ឋាភិបាលចិន ត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាម២០២៣ របស់កម្ពុជា ភាគីចិនក៏បានផ្តល់ជំនួយឥតសំណងមួយផ្នែកទៀតលើការហ្វឹកហាត់កីឡាករ កីឡាការិនី ជម្រើសជាតិនេះចាប់ពីឆ្នាំ២០២១នេះតទៅ ពោលគឺចាប់ពីដើមខែសីហា ឆ្នាំ២០២១ ទៅដោយភាគីចិនធានាថាស្ថានភាពវិបត្តិជំងឺកូវីដ-១៩បានបានល្អប្រសើរ ហើយអាចទទួលយកក្រុមអត្តពលិកជម្រើសជាតិកម្ពុជាចេញទៅហ្វឹកហាត់នៅប្រទេសចិនបាន។ ឯកឧត្ដមបានលើកឡើងថា នេះគឺជាការហ្វឹកហាត់ដ៏សំខាន់ ក្នុងការបង្កើនគុណភាពបច្ចេកទេសផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងកីឡាករ កីឡាការិនីចិន និងមានទាំងការប្រកួតលក្ខណៈក្នុងស្រុករបស់ចិនផង ម្យ៉ាងទៀតក៏បាននៅទីនោះមានឧបករណ៍ហ្វឹកហាត់ទំនើបតាមស្តង់ដារផងដែរ។ ឯកឧត្តមចាត់ទុកថា ការហ្វឹកហាត់នៅប្រទេសចិននឹងជួយជំរុញឱ្យថាមពលកម្លាំង និងស្ថេរភាពបច្ចេកទេសកាន់តែល្អប្រសើរ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយស៊ីហ្គេម នៅប្រទេសវៀតណាម ចុងឆ្នាំ២០២១នេះផង ហើយក្រោយបញ្ចប់ការប្រកួតក្រុមជម្រើសជាតិទាំងនោះនឹងចេញទៅបន្តការហ្វឹកហាត់រយៈពេលវែង រហូតដល់ពេលធ្វើម្ចាស់ផ្ទះស៊ីហ្គម ឆ្នំា២០២៣ តែម្តង។
ឯកឧត្ដមបានបន្ថែមថា ក្រៅពីការហ្វឹកហាត់នៅចិន ក៏មានប្រភេទកីឡាមួយចំនួនទៀតរបស់កម្ពុជាក៏ត្រៀមចេញទៅហ្វឹកហាត់នៅតាមតាមប្រភពប្រភេទកីឡានីមួយៗផងដែរ ដូចជាតេក្វាន់ដូ ត្រៀមចេញទៅហ្វឹកហាត់នៅកូរ៉េខាងត្បូង កីឡាការ៉ាតេទៅហ្វឹកហាត់នៅជប៉ុន វ៉ូវីណាម ទៅហ្វឹកហាត់នៅប្រទេសវៀតណាមជាដើម៕

ដោយ ហេង ណាលីន






