សម្ដេចតេជោនាយករដ្ឋមន្ត្រី៖ តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន
AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ - ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកជាសំណួរថា តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន ប្រសិនជាគាត់ចាក់មែននាប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមសារព័ត៌មានស៊ីនហួររបស់ចិនចេញផ្សាយ។

នៅលើផេកផ្លូវការ នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១២១ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន ប្រសិនជាគាត់ចាក់មែននាប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមសារព័ត៌មានស៊ីនហួររបស់ចិនចេញផ្សាយ។ សម្ដេចតេជោបានបន្តថា តើបងប្អូនជាពិសេសយុវជនកម្ពុជា យល់យ៉ាងណាដែរ នៅពេលកីឡាករលំដាប់ពិភពលោក Messi និង Neymar ចាក់វ៉ាក់សាំងកូវីដ-១៩ Sinovac របស់ចិន និងតើហេតុអ្វីកីឡាករទាំងពីររូបជ្រើសរើសយកវ៉ាក់សាំងចិនជំនួសឱ្យការចាក់វ៉ាក់សាំងពីប្រទេសផ្សេងទៀត។
សម្ដេចតេជោគូសបញ្ជាក់ថា កាលពីមុនពួកបំផ្លាញជាតិមួយចំនួនបាននិយាយថា វ៉ាក់សាំងរបស់ចិន «ចាក់សម្លាប់មនុស្ស» នៅពេលដែលខ្លួនខ្ញុំផ្ទាល់ បានសម្រេចជ្រើសរើសយកវ៉ាក់សាំងរបស់ចិន Sinopharm និង Sinovac មកចាក់ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ដើម្បីការពារអាយុជីវិតពីជំងឺដ៏កាចសាហាវកូវីដ-១៩។ ពេលនេះយើងអាចចោទជាសំនួរថា បើខ្ញុំមិនរឹងក្បាលស្វែងរកវ៉ាក់សាំងពីចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា និងប្រសិនគ្មានការជួយឧបត្ថម្ភពីមិត្តចិនលើការផ្គត់ផ្គត់វ៉ាក់សាំង តើយើងមានវ៉ាក់សាំងមកពីណាចាក់ជូនប្រជាជនយើង។ ខ្ញុំបាននិយាយមិនតិចជាង៣ដងថា (សូមកុំបារម្ភថា វ៉ាក់សាំងមកពីប្រទេសណា តែត្រូវបារម្ភពីការអត់វ៉ាក់សាំងចាក់)។ ពាក្យនេះត្រឹមត្រូវណាស់សម្រាប់ប្រទេសជាច្រើននៅលើពិភពលោក។
សម្ដេចតេជោបានថ្លែងបន្ថែមថា ករណី Messi និង Neymar ខុសពីប្រទេសនានាត្រង់ថា គាត់មានជម្រើសច្រើនគាត់ចាក់វ៉ាក់សាំងពីប្រទេសណាក៏បាន ហេតុអ្វីគាត់ជ្រើសយកវ៉ាក់សាំងរបស់ចិនសម្រាប់ចាក់ទៅវិញ។ ម្នាលអ្នកនយោបាយប្រឆាំងស្ទើរភ្លើងទាំងឡាយ គួរខិតខំរៀនសូត្រឱ្យបានប្រសើរជាងនេះ៕
ដោយ ជឹម ណារី






